ប្រិយមិត្តអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួន ប្រហែលជាមិនចាប់អារម្មណ៍ ឬចំឡែកក្នុងចិត្តហើយមើលទៅ ចំពោះវត្តមានរូបកាំជ្រួចហោះ ដែលទើបបង្ហាញឡើងនៅលើផ្ទាំងកម្មវិធី Facebook លើទូរសព្ទ និងនៅលើគេហទំព័រ Facebook លើកុំព្យូទ័រ ប៉ុន្មានថ្ងៃចុងក្រោយនេះ។
មែនទែនទៅ វាគឺជាមឺនុយ Explore Feed ដែលក្រុមហ៊ុន Facebook ទើបដាក់ឱ្យដំណើរការលើបណ្តាញសង្គមរបស់ខ្លួនទូទាំងពិភពលោក ហើយវាគឺជាកំណែដែលនាំមកនៅការផ្លាស់ប្តូរដ៏ធំសម្បើមមួយផងដែរ នៅក្នុងការបង្ហាញមាតិកាព័ត៌មានលើបណ្តាញទំនាក់ទំនងសង្គមយក្ស។
មឺនុយ ឬប៊ូតុង Explore Feed នោះ នៅពេលដែលចុចលើ វានឹងនាំប្រិយមិត្តចូលទៅកាន់មាតិកាព័ត៌មានដែលបានបង្ហោះចេញពីទំព័រ Facebook ផ្សេងៗ ដែលប្រិយមិត្តបានចុច Like ឬ Follow ដោយវាបង្ហាញឡើងជាហូរហែ តាមពេលម៉ោងដែលមាតិកាទាំងនោះត្រូវបានបង្ហោះចេញ។
សម្រាប់គេហទំព័រ Facebook នៅលើកុំព្យួទ័រ Explore Feed គឺឋិតនៅផ្នែកខាងឆ្វេងនៃផ្ទាំងកម្មវិធី ខាងក្រោមមឺនុយ News Feed ឯសម្រាប់កម្មវិធីលើស្មាតហ្វូនវិញ វាឋិតនៅមឺនុយជួរខាងលើ បន្ទាប់ពីមឺនុយ New Feed។
ជាមួយការផ្លាស់ប្តូរនេះ រាល់ព័ត៌មានបង្ហោះចេញពីទំព័រ Facebook នានា គឺមិនបង្ហាញឡូកឡំគ្នាជាមួយព័ត៌មាន (រូបភាព-វីដេអូ-អក្សរ) ដែលបង្ហោះចេញពីគណនី Facebook ធម្មតា ដូចមុននោះទេ។ លុះត្រាតែម្ចាស់ទំព័រទាំងនោះដាក់ Boost មាតិការព័ត៌មានរបស់ពួកគេ។
ដូច្នេះ បើសិនជាប្រិយមិត្តចង់ឆែកមើល ឬតាមដានព័ត៌មានពីទំព័រព័ត៌មានផ្សេងៗ ទាល់តែចុចចូលទៅក្នុង Explore Feed ដែលមានរូបកាំជ្រួចហោះជាសម្គាល់ទើបឃើញ៕
មតិយោបល់