ថ្មីៗនេះ ក្រុមហ៊ុន Samsung ត្រូវគេប៉ាន់ប្រមាណថា នឹងអាចរកចំណូលបានពីការផ្គត់ផ្គងអេក្រង់ Super OLED ទៅឱ្យក្រុមហ៊ុន Apple បំពាក់លើទូរសព្ទដៃ iPhone X (Ten) ប្រមាណជាង ៤ ពាន់លានដុល្លារ ខណៈខ្លួនឈានមុខគេក្នុងទីផ្សារអេក្រង់ឧបករណ៍ចល័តប្រភេទនេះ។
ប៉ុន្តែ សម្រាប់កញ្ចក់អេក្រង់ប្រភេទអាចបត់ចុះឡើងបានវិញ Samsung ពុំទាន់ មានប្រៀបលើក្រុមហ៊ុន LG នៅឡើយទេ។ ពោលគឺ ក្រុមហ៊ុនគូប្រជែងរួមជាតិមួយនេះ មានសក្តានុពលខ្លាំងជាងក្នុងការទាក់ទាញក្រុមហ៊ុន Apple ឱ្យជ្រើសយកធ្វើជាដៃគូ ក្នុងការផលិតចេញអេក្រង់បត់បាន សម្រាប់ស្មាតហ្វូនអនាគតរបស់ខ្លួន។
យោងតាមរបាយការណ៍ថ្មីមួយពីគេហទំព័រ The Investor ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់កញ្ចក់អេក្រង់ប្រភេទអាចបត់ចុះឡើងបាន ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន LG Display សម្រាប់ iPhone ជំនាន់ក្រោយ។
ដោយឡែក ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ LG ឈ្មោះ Innotek ត្រូវគេអះអាងថា ក៏កំពុងបង្កើនល្បឿនក្នុងការផលិតបន្ទះស្គៀគ្វីអាចបត់បានសម្រាប់បំពាក់ឱ្យទូរសព្ទចល័តផងដែរ។
ប្រភពដដែលបន្ថែមថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក អាចនឹងធ្វើការបើកបង្ហាញស្មាតហ្វូនបំពាក់អេក្រង់បត់ពីក្រុមហ៊ុន LG Display ក្នុងឆ្នាំ ២០២០។
របាយការណ៍ថ្មីនេះដែរ គឺធ្វើឡើងក្រោយពីព័ត៌មានចចាមអារ៉ាមជាច្រើនលើកឡើងកាលពីខែកក្កដាថា Apple អាចបោះទុនវិនិយោគចំនួន ២.៦ ពាន់លានដុល្លារ សម្រាប់ទ្រទ្រង់រោងចក្រផលិតអេក្រង់ OLED ថ្មីរបស់ LG។
គួររំឭកថា កន្លងមក Samsung និង LG ក៏ត្រូវគេរាយការណ៍ថា នឹងបញ្ចេញស្មាតហ្វូនបំពាក់អេក្រង់បត់ឆាប់ៗខាងមុខផងដែរ ហើយបើតាមការប៉ាន់ស្មាន វាអាចនឹងលេចចេញជារូបរាងក្នុងឆ្នាំ ២០១៨ ខាងមុខនេះតែម្តង៕
ប្រភពព័ត៌មានៈ Android Authority
មតិយោបល់