នៅទីបំផុតទៅ កាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុន ZTE បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនអេក្រង់ភ្លោះទំហំប៉ុនគ្នា ដំបូងគេបង្អស់នៅលើពិភពលោកហើយ ហើយដូចទៅនឹងព័ត៌មានចចាមអារ៉ាមកន្លងមកលើកឡើងអីចឹងដែរ គឺវាមានឈ្មោះថា Axon M។
នៅក្នុងព្រឹត្តិការណ៍បើកបង្ហាញស្មាតហ្វូនដ៏គួរឱ្យចាប់អារម្មណ៍ និងមានរចនាបទប្លែកមិនធ្លាប់មានពីមុនមកមួយនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន គឺលោក Lixin Cheng បានពិរណ៍នាតួអក្សរ M ដាក់នៅពីក្រោយឈ្មោះ Axon ថា គឺជាផ្នែកមួយដំណាងឱ្យស្មាតហ្វូនប្រភេទថ្មី។
ក្រុមហ៊ុនក៏បានបង្ហាញលក្ខណៈពិសេសមួយចំនួននៃទូរសព្ទ Axon M ផងដែរ ដោយក្នុងនោះ អេក្រង់ទាំងពីររបស់វា អាចបង្ហាញផ្ទាំងកម្មវិធីពីរលើផ្ទៃអេក្រង់ដាច់ដោយឡែកពីគ្នា អាចបង្ហាញផ្ទាំងកម្មវិធីឆ្លងអេក្រង់គ្នា ដូចអេក្រង់ថេប្លេត អាចបត់អេក្រង់ទាំងពីរចូលគ្នាដូចសៀវភៅដើម្បីប្រើជាស្មាតហ្វូនធម្មតា ឬបត់អេក្រង់ទល់ខ្នងគ្នាដើម្បីឱ្យវាបញ្ជាំងរូបភាពដូចគ្នាម្ខាងម្នាក់ក៏បាន។
https://www.youtube.com/watch?v=607ETlNdQ-c
ZTE Axon M ត្រូវគេរំពឹងថា នឹងចែកចាយលក់ផ្តាច់មុខលើទីផ្សារអាមេរិកនៅខែក្រោយ ដោយក្រុមហ៊ុន AT&T ជាមួយនឹងតម្លៃ ៧២៥ ដុល្លារ ឬ ២៤.១៧ ដុល្លារ/ខែ រយៈពេល ៣០ ខែ ហើយសម្រាប់ទីផ្សារអឺរ៉ុប ជប៉ុន និងចិន ទំនងជាចាប់ផ្តើមនៅខែក្រោយ។
គួរបញ្ជាក់ថា កន្លងមកក៏មានលេចឮថា Samsung កំពុងធ្វើការលើស្មាតហ្វូនដែលមានរចនាបទស្រដៀងនឹង ZTE Axon M នេះដែរ មុនពេល Galaxy S8 ត្រូវបានបើកបង្ហាញ ហើយគេរំពឹងថា ក្រុមហ៊ុនអាចនៅកំពុងបន្តការងារនេះនៅឡើយ៕
ប្រភពព័ត៌មានៈ thenextweb
មតិយោបល់