ព័ត៌មានបច្ចេកវិទ្យា

Apple រងបណ្តឹងចម្លងបច្ចេកវិទ្យាកាមេរ៉ាភ្លោះបំពាក់លើ iPhone 7 Plus និង 8 Plus

ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីថ្មោងរបស់អីុស្រាអ៊ែលមួយឈ្មោះ Corephotonics បានដាក់​ពាក្យបណ្តឹងទៅកាន់តុលាការសហព័ន្ធក្រុង San Jose រដ្ឋ California នៅថ្ងៃច័ន្ទ ប្រឆាំងនឹងក្រុមហ៊ុន Apple ជុំវិញការប្រើបច្ចេកវិទ្យាកាមេរ៉ាភ្លោះរបស់ខ្លួនដោយគ្មានការអនុញ្ញាត។ នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រ Tech Juice ចេញផ្សាយនៅថ្ងៃអង្គារនេះ។

ប្រភពដដែលឱ្យដឹងតាមសម្រង់ព័ត៌មានពីសារព័ត៌មាន Reuters ថា ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងទីក្រុង Tel Aviv ប្រទេសអីុស្រាអ៊ែល អះអាងថា Apple បានរំលោភលើសកម្មសិទ្ធិប៉ាតង់ខ្លួនចំនួន ៤ ពាក់ព័ន្ធទៅនឹង Sensor បំពាក់ក្នុងកាមេរ៉ាភ្លោះ សម្រាប់ប្រើមុខងារផ្សេងៗដូចជា Optical Zoom។

ប្រភពដដែលបន្ថែមថា ប៉ាតង់នោះត្រូវបានដាក់ទៅកាន់ ការិយាល័យប៉ាតង់ និងម៉ាកយីហោសហរដ្ឋអាមេរិក នៅចន្លោះខែវិច្ឆិកា ២០១៣ និងខែមិថុនា ២០១៦ ខណៈ iPhone 7 Plus ត្រូវបានប្រកាសចេញក្នុងខែកញ្ញា ២០១៦។

លោក David Mendlovic នាយកប្រតិបត្តិក្រុមហ៊ុន Corephotonics លើកឡើងថា ខ្លួនបានជួបជជែកជាមួយក្រុមហ៊ុន Apple អំពីភាពជាដៃគូសហការគ្នាលើការប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាភ្លោះនោះដែរ ប៉ុន្តែ បានទទួល​ផ្លែផ្កាតិចតួចណាស់។

ក្រុមហ៊ុនអាមេរិកថា បើខ្លួនបានប្រព្រឹត្តិខុសដូចការចោទប្រកាន់​មែននោះ Corephotonics នឹងត្រូវចំណាយពេលរាប់ឆ្នាំ ព្រមទាំងលុយរាប់លានដុល្លារសម្រាប់ការប្តឹងផ្តល់ មុនពេលខ្លួនប្រហែលនឹងត្រូវសងថ្លៃខូចខាតអ្វីមួយនោះ។ នេះបើយោងការលើកឡើងក្នុងពាក្យបណ្តឹងខាងលើ។

គួររំឭកថា កាលពីឆ្នាំមុន គេហទំព័រ Cnet បានរាយការណ៍ថា Apple គឺមានកម្មសិទ្ធិប៉ាតង់ផ្ទាល់ខ្លួនសម្រាប់បច្ចេកវិទ្យាកាមេរ៉ាភ្លោះ ជាមួយលក្ខណៈពិសេសៗដូចជា Opitcal Zoom, Portrait Mode និងមុខងារដទៃផ្សេងទៀត សម្រាប់បំពាក់ឱ្យ iPhone 7 Plus។

ការប្តឹងផ្តល់ថ្មីនេះដែរ Corephotonics ធ្វើឡើងបន្ទាប់ពីខ្លួនបានឈ្នះក្តីក្តាំងប្រឆាំងក្រុមហ៊ុន Samsung លើបទចោទរំលោភប៉ាតង់មុខងារ រុញដើម្បីដោះសោ របស់ខ្លួន ដែលបាន​អូសបន្លាយនៅតុលាការអស់រយៈពេល​ ៣ ឆ្នាំ៕

ប្រភពព័ត៌មានៈ cnet

មតិយោបល់