កាលពីចុងខែមិថុនា ក្រុមហ៊ុន Qualcomm និង Vivo បានដឹកដៃគ្នាឡើងលើវេទិកាពិព័រណ៍ WMC នៅសៀងហៃ បង្អួតពិភពលោកពីបច្ចេកវិទ្យាបន្ទះស្កេនក្រយៅដៃក្រាលក្រោមស្រទាប់កញ្ចក់អេក្រង់ ដែលខ្លួនអាចអភិវឌ្ឍចេញបានសម្រេចមុនដំបូងគេបង្អស់។
ឥឡូវ ស្រាប់តែលេចធ្លាយរូបភាពនៃរចនាបទកំពូលស្មាតហ្វូន Xplay 7 ថ្មីរបស់ក្រុមហ៊ុន ដែលមិនត្រឹមតែបំពាក់បន្ទះស្កេនក្រយៅដៃពីក្រោមអេក្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងក្រោលដោយអេក្រង់លាតពេញផ្ទៃមុខរបស់ទូរសព្ទទាំងស្រុងទៀតផង ដោយក្នុងនោះ ផ្នែកខាងលើ ត្រូវបានចោះសម្រាប់កាមេរ៉ា និងអង្គញាណ ឬ Sensor។

ប្រភពព័ត៌មានបែកធ្លាយជារូបភាពនៅលើផ្ទាំងធ្វើបទបង្ហាញបង្ហោះផ្សាយលើបណ្តាញសង្គម Weibo របស់ចិនឱ្យដឹងបន្ថែមថា Xplay 7 នឹងបំពាក់កាមេរ៉ាមុខភ្លោះប្រើបច្ចេកវិទ្យា Sensor របស់ក្រុមហ៊ុន Sony និងមានសមត្ថភាពយឹតរូបភាពមកជិតចំនួន ៤ តង់ (4x Zoom) ហើយផ្តល់ថាមពលដោយបន្ទះឈីបរបស់ក្រុមហ៊ុន Quadcomm ជំនាន់ Snapdragon 845 និង RAM ទំហំ ៨ ជីហ្គាបៃយ។
ទោះយ៉ាងណា ប្រភពដដែលបញ្ជាក់ថា ទូរសព្ទដែលបំពាក់អេក្រង់គ្មានគែម ១០០% នេះ នឹងមិនចេញក្នុងពេលឆាប់ៗខាងមុនទេ។ ពោលគឺ វាត្រូវបានគ្រោងនឹងចេញនៅឆ្នាំក្រោយ ដើម្បីទុកពេលដោះស្រាយបញ្ហាមុខងារខុសធម្មតាផ្សេងៗដែលនឹងត្រូវបានបង្កើតឡើងដើម្បីសម្របជាមួយផ្ទៃអេក្រង់គ្មានស៊ុមបែបនោះ៕

ប្រភពព័ត៌មានៈ phonearena
មតិយោបល់