ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយ iOS 11 នឹងបំពាក់មុខងារ FaceTime ក្រុម

មុខងារហៅវីដេអូជាក្រុម ឬ Group FaceTime របស់ក្រុមហ៊ុន Apple នឹងបំពាក់មកជាមួយស្រាប់ក្នុងប្រព័ន្ធប្រតិបត្តិការ iOS 11។ នេះបើយោងតាមប្រភពព័ត៌មានក្រៅផ្លូវការមួយបែកធ្លាយចេញពីគេហទំព័រ The Verifier ក្នុងប្រទេសអ៊ីស្រាអ៊ែល។

The Verifier បានរាយការណ៍ថា ខ្លួនទទួលបានព័ត៌មានចចាមអារ៉ាមនេះ ពីក្រុមអ្នកអភិវឌ្ឍកម្មវិធី iOS 11 របស់ក្រុមហ៊ុន Apple ផ្ទាល់ ដែលកំពុងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអ៊ែល លើកំណែទម្រង់មុខងារ FaceTime ឱ្យកាន់តែសម្បូរបែប។

ប្រភពដដែលនិយាយថា តាមរយៈប្រព័ន្ធ iOS ជំនាន់ ១១ ក្រុមហ៊ុន Apple នឹងធ្វើការកែលំអរឱ្យកាន់តែប្រសើរនូវមុខងារទំនាក់ទំនងសង្គម លើកម្មវិធី iMessage និង FaceTime ដោយបន្ថែមមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាអាចស់ជជែកកម្សាន្ត ឆ្លើយឆ្លងសារទៅវិញទៅមកជាមួយគ្នីគ្នាដែលមានចំនួន​លើសពីរពីរនាក់បាន ពោលគឺ អាចនិយាយឆ្លើយឆ្លងគ្នាជាក្រុមម្តងបានគ្នា ៥ នាក់។

មុខងារហៅវីដេអូចេញជាក្រុមតាមកម្មវិធី FaceTime គឺជាមុខងារដែលអ្នកប្រើប្រាស់ iOS Devices និងកុំព្យូទ័រ Mac ទន្ទឹងរង់ចាំជាយូរមកហើយ ខណៈ កម្មវិធី Skype របស់ក្រុមហ៊ុន Microsoft មានមុខងារបែបនេះរួចទៅហើយ។

គួរបញ្ជាក់ថា iOS 11 ទំនឹងជានឹងប្រកាសចេញស្របពេលជាមួយទូរស័ព្ទ iPhone 8 នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៧ នេះ ប៉ុន្តែ វាត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានមុននៅឯវេទិកាក្រុមអ្នកអភិវឌ្ឍកម្មវិធីសកល ដែលទំនងជានឹងរៀបចំឡើងក្នុងខែមិថុនា ខាងមុខ៕

ប្រភពព័ត៌មាន៖ macrumors

មតិយោបល់