ក្រុមហ៊ុនផលិតកាមេរ៉ាដ្រូនរបស់ចិន DJI ទើបបញ្ចេញដង ឬដៃសម្រាប់ទប់លំនឹងក្នុងពេលប្រើកាមេរ៉ាថតរូបភាព-វីដេអូរចនាបទថ្មីចំនួនពីរប្រភេទ: មួយសម្រាប់ប្រើបំពាក់ជាមួយទូរសព្ទចល័តស្មាតហ្វូន មានឈ្មោះថា Osmo Mobile 2 និងមួយទៀតសម្រាប់បំពាក់ឱ្យម៉ាស៊ីនថតប្រភេទ Mirrorless និង DSLR មានឈ្មោះថា Ronin S។
ការប្រកាសចេញលក់ឧបករណ៍ជំនួយការថតដ៏ទំនើបទាំងពីរនេះ គឺធ្វើឡើងស្របពេលដែលព្រឹត្តិការណ៍ពិព័រណ៌ផលិតផលអេឡិចត្រូនិកពិភពលោកហៀបនឹងចាប់ផ្តើមប្រព្រឹត្តិទៅនាទីក្រុង Las Vegas សហរដ្ឋអាមេរិក។
ចំពោះ Osmo Mobile 2 វាមិនត្រឹមតែជួយឱ្យកាមេរ៉ាស្មាតហ្វូនអាចថតរូបភាព-វីដេអូបានយ៉ាងនឹង និងរលូនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងភ្ជាប់មកជាមួយថ្មជំនួយដែលអាចជួយឱ្យការថតដំណើរការបានយូររហូតដល់ ១៥ ម៉ោង លើស Osmo ម៉ូឌែលមុនដល់ទៅបីដង។ មិនតែប៉ុណ្ណោះ វាក៏ភ្ជាប់មកជាមួយប៊ូតុងថ្មី ងាយស្រួលចុចបញ្ជា និងបង្វិល ហើយមានទម្ងន់ស្រាលជាងមុនថែមទៀតផង។
ដោយឡែក Ronin S អាចធ្វើការជាមួយកាណុងកាមេរ៉ាស្ទើរតែគ្រប់ប្រភេទ ដូចជាបណ្តាកាណុងកាមេរ៉ាត្រូវជាមួយ Canon 5D, Panasonic GH និង Sony Alpha ជាដើម។ Ronin S ភ្ជាប់មកជាមួយប៊ូតុងបញ្ជាកាមេរ៉ា និងបង្វែរទិស ហើយអនុញ្ញាតឱ្យលោកអ្នកចុចប្តូរពីការកំណត់មុខងារ SmoothTrack, ចុចថត និងបញ្ឈប់ការថតបានយ៉ាងងាយស្រួល។ ម្យ៉ាងទៀត ចង្កឹះបង្វែរទិសរបស់វាត្រូវបានរចនាឡើងស្រដៀងទៅនឹងចង្កឹះនៅលើដៃបញ្ជាដ្រូន ដែលអនុញ្ញាតឱ្យលោកអ្នកបញ្ជាបែរទិសកាមេរ៉ាបានយ៉ាងរហ័ស និងត្រឹមត្រូវ។ ដងទប់លំនឹងម៉ាស៊ីនថតស៊េរីថ្មីនេះដែរ ក៏អាចប្រើសម្រាប់ផ្តិតយករូបភាពក្នុងព្រឹត្តិការណ៍កីឡាផ្សេងៗដែលមានសកម្មភាពបម្លាស់ទីលឿន និងផ្តល់ភាពងាយស្រួលក្នុងការថតរូបភាព-វីដេអូបែប Panorama, Hyperlapse, Track និង CamAnchor ផងដែរ។
DJI Osmo Mobile 2 នឹងដាក់លក់ក្នុងតម្លៃ ១២៩ ដុល្លារ ហើយបើកឱ្យកម្ម៉ង់ទិញទុកមុនផ្តាច់មុខនៅលើគេហទំព័រ apple.com នៅថ្ងៃទី ២៣ មករា។ ចាប់ពីខែកុម្ភៈ វាក៏នឹងចេញនៅលើ store.dji.com ហាង DJI និងសាខាចែកចាយមានអាជ្ញាបណ្ណពីក្រុមហ៊ុនផ្សេងៗទៀត។ សម្រាប់ Ronin S គឺមិនទាន់ត្រូវបានប្រកាសតម្លៃឱ្យដឹងនៅឡើយទេ ហើយវានឹងចេញលក់នៅលើទីផ្សារនៅឆមាសទីពីរឆ្នាំនេះ៕
ប្រភពព័ត៌មានៈ 9to5mac
មតិយោបល់