ទីបំផុតទៅ ក្រុមហ៊ុន Apple បើកឱ្យអ្នកប្រើប្រាស់ iOS Devices (iPhone, iPad, iPod Touch) អាចធ្វើការ Update ឧបករណ៍របស់ខ្លួនឱ្យឡើងដល់ iOS 11 ហើយ ក្នុងអំឡុងល្ងាចថ្ងៃអង្គារនេះ។ ប៉ុន្តែ មុននឹងធ្វើការ Update ទៅកាន់ប្រព័ន្ធថ្មី ដែលកាន់តែសម្បូរបែបនេះ លោកអ្នកគួរដឹងនូវចំណុចមួយចំនួនដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោមជាមុនសិន៖
១- សូមឆែកមើលថាតើស៊េរី iPhone ឬ iPad អ្នក មានក្នុងតារាងខាងក្រោមឬអត់?
២- ឆែកមើលមេម៉ូរីលើ iOS Devices ខ្លួន ថាតើទំនេរគ្រប់គ្រាន់ឬនៅ?
iOS 11 ពាំនាំមកជាមួយលក្ខណៈពិសេសថ្មីៗដែលអាចជួយសន្សំសំចៃទំហំផ្ទុកទិន្នន័យទំនេរនៅលើ iPhone ឬ iPad របស់លោកអ្នកបានមួយកម្រិត។ ប៉ុន្តែ វាក៏ទាមទារឱ្យមានចម្លោះមេម៉ូរីទំនេរសម្រាប់ដំណើរការ Update ផងដែរ។ ដូច្នេះ មុននឹងធ្វើ លោកអ្នកត្រូវប្រាកដថា វានៅសល់យ៉ាងហោចណាស់ក៏ ៤ GB ដែល ព្រោះ iOS 11 បន្ទាប់ពីដំឡើងរួច វាចាប់យកទំហំមេម៉ូរីឧបករណ៍ ១.៧ GB ហើយត្រូវការមេម៉ូរីផ្ទុកបណ្តោះអាសន្ន ១.៥ GB។
ដើម្បីស្តារមេម៉ូរីទំនេរ លោកអ្នកអាចស្វែងរកកម្មវិធី ឬឯកសារណាដែលសីុមេម៉ូរីធំ ដោយអាចចាប់ផ្តើមពីកម្មវិធីបណ្តាញសង្គមដូចជា Facebook បាន ព្រោះនៅពេលប្រើកាន់តែយូរទៅៗ វានឹងចាប់យកទំហំមេម៉ូរីឧបករណ៍កាន់តែធំឡើងៗផងដែរ។ លោកអ្នកអាចលុបវាចោល រួចចាំបញ្ចូលឡើងវិញបន្ទាប់ពី Update រួច ដោយចូលទៅកាន់ Settings -> General -> Storate & Cloud Usage -> Manage Storage ហើយចុចលើកម្មវិធីណាដែលលោកអ្នកមិនប្រើ ហើយចង់លុបចោល។
៣- Backup ឯកសារក្នុង iPhone ឬ iPad ទុកលើកុំព្យូទ័រ
មុនពេលធ្វើការ Update ប្រព័ន្ធប្រតិបត្តិការឡើងទៅជំនាន់ថ្មី លោកអ្នកគួរធ្វើការ Backup ឯកសារទាំងស្រុងក្នុងឧបករណ៍របស់ខ្លួនទុក តាមរយៈកម្មវិធី iTunes លើកុំព្យូទ័រ ដើម្បីជៀសវាងបញ្ហាដែលអាចកើតឡើងដោយប្រការណាមួយក្នុងអំឡុងពេល Update។ ម្យ៉ាងទៀត វាមានប្រយោជន៍នៅពេលដែលលោកអ្នកចង់ធ្វើការ Downgrade (ទម្លាក់) ប្រព័ន្ធ iOS លើ iPhone ឬ iPad របស់ខ្លួនចុះមកជំនាន់ចាស់វិញ ក្នុងករណីប្រើទៅវាមានបញ្ហាជាប់គាំង ឬមិនគាំទ្រមុខងារអ្វីមួយ។ ដើម្បីធ្វើដូចនេះ លោកអ្នកអាច៖
– ភ្ជាប់ឧបករណ៍ទៅកុំព្យូទ័រតាមខ្សែ USB រួចបើកកម្មវិធី iTunes (ជំនាន់ចុងក្រោយបង្អស់)
– ចុចលើ This computer បន្ទាប់ពីកម្មវិធីស្គាល់ iPhone ឬ iPad លោកអ្នកហើយ (ឈ្មោះ iPhone ឬ iPad អ្នកបង្ហាញឡើង)
– បន្ទាប់មក ចុចលើ Encrypt iPhone backup រួចដាក់លេខសម្ងាត់សម្រា់បចាក់មិនឱ្យនរណាអាចបើកវាបាន ហើយចុចលើ Back Up Now ជាការស្រេច។
៤- ចូលទៅកាន់ឯកសារដែលបាន Backup ទុក ក្នុងករណីលោកអ្នកចង់ Restore វាឡើងវិញ
ឧបមាថា លោកអ្នកចង់មានបញ្ហាអ្វីមួយនៅពេល Update ឡើង iOS 11 ឬបន្ទាប់ពីដំឡើងវាប្រើមួយរយៈមិនពេញចិត្ត ហើយចង់ទម្លាក់មកជំនាន់ចាស់វិញ។ ក្នុងករណីបែបនេះ លោកអ្នកប្រហែលជាត្រូវការឯកសារ Backup នោះមកប្រើវិញហើយ។ ដើម្បីធ្វើដូច្នេះ លោកអ្នកអាច៖
– ភ្ជាប់ iPhone ឬ iPad ជាមួយកុំព្យូទ័រតាមខ្សែ USB រួចបើកដំណើរការកម្មវិធី iTunes
– បន្ទាប់មក សូមជ្រើសរើស Preferences នៅលើមឺនុយកម្មវិធី រួចចុចលើ Devices ហើយចុច Mouse ស្តាំលើឯកសារ Backup ថ្មី រួចជ្រើសយកជម្រើស Archive
– ភ្លាមៗនោះ ដំណើរការ Restore នឹងចាប់ផ្តើម ហើយបន្ទាប់ពីរួចរាល់ ឯកសារ Backup នោះ នឹងលេចចេញកាលបរិច្ឆេទ និងម៉ោងដែលលោកអ្នកបានធ្វើការចុច Restore។
៥- ចាប់ផ្តើមធ្វើការ Update ឡើង iOS 11
សម្រាប់ការ Update នេះ លោកអ្នកអាចធ្វើតាមកុំព្យូទ័រ ឬក៏នៅលើ iPhone ឬ iPad ផ្ទាល់តែម្តងក៏បាន ដោយចូលទៅកាន់កម្មវិធី Settings -> General -> Software Update រួចចុច Download and Install ជាការស្រេច៕
ប្រភពព័ត៌មានៈ macrumors
មតិយោបល់