ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Apple ចេញលក់ iPhone X នៅលើទីផ្សារជាផ្លូវការលើកដំបូង នៅថ្ងៃទី ៣ វិច្ឆិកា ក្រុម Hacker មកពីក្រុមហ៊ុនសន្តិសុខវៀតណាម Bkav បានចេញវីដេអូមួយស្តែងឱ្យឃើញពីភាពជោគជ័យក្នុងការបំផ្លាញសោសុវត្ថិភាព Face ID របស់ iPhone X ដែលប្រើប្រាស់មុខមនុស្សជាកូនសោ។
តាមរយៈវីដេអូខ្លីនោះ ក្រុម Hacker ប្រើនូវស្រោមមុខមនុស្សចម្លងមួយ ដែលផលិតចេញតាមម៉ាស៊ីនបោះពុម្ព 3D ប្រើប្រាស់វត្ថុធាតុផ្លាស្ទិក សារធាតុស៊ីលីកូន មានការតុបតែង និងបិទដោយស្កុតក្រដាស ដើម្បីបំភាន់ភ្នែកកាមេរ៉ា TruthDepth របស់ iPhone X។
តាមការអះអាងរបស់ក្រុម Hacker ពួកគេបានចំណាយលុយសរុបអស់ ១៥០ ដុល្លារ ដើម្បីធ្វើស្រោមមុខក្លែងក្លាយនោះ ហើយក៏បានបោះពាក្យសម្តីទៅកាន់ក្រុមហ៊ុន Apple ថា ប្រព័ន្ធសុវត្ថិភាពទូរសព្ទសម្រាប់ថ្ងៃអនាគតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក គឺមិនរឹងមាំដូចការប្រកាសនោះទេ។
ជាមួយគ្នានោះដែរ ក្រុមហ៊ុន Bkav ក៏បានប្រលយពាក្យបន្ថែមនៅក្នុងប្លុកមួយរបស់ខ្លួនថា “Apple ធ្វើមិនទាន់បានល្អណាស់ណាទេ”៕
ប្រភពព័ត៌មានៈ wired
មតិយោបល់