ព័ត៌មានបច្ចេកវិទ្យា

Facebook កាច់ Snapchat ពង្រីកមុខងារ Stories ដល់ Group និង​ Event

ក្រោយពីដាក់ចេញមុខងារ​ Stories ដែលត្រូវបានគេចាត់ទុកថាយកលំនាំតាមមុខងារ Snapchat Stories រួចមក ក្រុមហ៊ុន Facebook កំពុងពង្រីកមុខងារមួយនេះ ឱ្យអាចប្រើប្រាស់រួមគ្នាសម្រាប់សមាជិកដែលបានចូលរួមក្នុង Group ឬ Event អ្វីមួយ ដែលបណ្តាញសង្គមគូប្រជែងរបស់ខ្លួនមិនទាន់អាច ឬមិនអាចធ្វើទៅបាន។

តាមរយៈ Facebook Stories រួមនេះ សមាជិកដែលឋិតនៅក្នុង Group និង Event មួយ នឹងអាចចែករំលែករឿងរ៉ាងផ្សេងៗទៅដល់សមាជិកដទៃ ឱ្យពួកគេអាចចូលមើលបាន ក្រោមការសម្របសម្រួលពីម្ជាស់ ឬអ្នកគ្រប់គ្រងទំព័រ Group ឬ Event មួយនោះ។ ហើយនេះ អាចផ្តល់នូវការភ្ជាប់ទំនាក់ទំនង កម្សាន្ត និងភាពរីករាយ ក្នុងឱកាសនៃពិធីជប់លៀង អាពាហ៍ពិពាហ៍ និងការជួបជុំនានា។

ដោយឡែក មុខងារ Stories ជាក្រុមនេះ នឹងដំណើរការដូចការដាក់ Hashtag ឯកជនមួយអីចឹងដែរ។ ពោលគឺ មនុស្សច្រើនគ្នាអាចបញ្ចូលមាតិកាទៅក្នុង Stories បាន ប៉ុន្តែ មានតែអ្នកពាក់ព័ន្ធប៉ុណ្ណោះដែលអាចមើលឃើញ។

យោងតាមប្រធានគ្រប់គ្រងផលិតផល Facebook លោក Connor Hayes បានឱ្យដឹងថា លក្ខណៈពិសេសរបស់ Facebook Stories ថ្មី ផ្តល់លទ្ធភាពដល់មនុស្សច្រើនគ្នាអាចចែករំលែករឿងរ៉ាវ ឬ Story ទៅដល់សមាជិកក្នុង Group គោល​ដៅខុសៗគ្នា ហើយសមាជិកក្នុងក្រុម នឹងមើលឃើញរឿងរ៉ាងក្នុង Stories នៅក្នុង Group និង Event ក៏ដូចជានៅលើ News Feed របស់ពួកគេម្នាក់ៗផង​ដែរ។

ពួកគេនឹងអាចបង្ហោះរូបថត-វីដេអូតាមរយៈមុខងារ Stories នេះ ខណៈខ្លួនកំពុងឋិតក្នុងទំព័រ Event ឬ Group ណាមួយ ឬទទួលបានជម្រើសដើម្បីចែកបន្តនៅទីនោះ តាមរយៈមុខងារចែកបន្តក្នុង Facebook Stores៕

សូមទស្សនាវីដេអូចង្អុលបង្ហាញដើម្បីយល់ដឹងអំពីលក្ខណៈពិសេសថ្មីនេះឱ្យកាន់តែច្បាស់៖

ប្រភពព័ត៌មានៈ techcrunch

មតិយោបល់