សេអ៊ុលៈ ក្រុមហ៊ុន Samsung បានថ្លែងនៅថ្ងៃម្សិលមិញថា ខ្លួននឹងចេញលក់វ៉ែនតាបច្ចេកវិទ្យា Mix Reality របស់ខ្លួនឈ្មោះ HMD Odyssey នៅកូរ៉េខាងត្បូង សប្តាហ៍ក្រោយនេះហើយ ពោលគឺនៅថ្ងៃទី ២១ វិច្ឆិកា។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េបាននិយាយថា វ៉ែនតា MR នេះ អាចដំណើរការមាតិកាហ្គេម VR (Virtual Reality) និងបំពាក់អេក្រង់ AMOLED ភ្លោះ ផ្តល់រូបភាពក្នុងមុំ ១១០ ដឺក្រេ។ វ៉ែនតានេះដែរ នឹងចេញមកជាមួយកាសត្រចៀក AKG ដែលអាចផ្តល់នូវសំឡេង Surround Sound ៣៦០ ដឺក្រេ របស់ក្រុមហ៊ុន Harman ដែលក្រុមហ៊ុន Samsung បានទិញយក។
តាមការឱ្យដឹងបន្ថែមពីក្រុមហ៊ុន វ៉ែនតានោះមានទម្ងន់ ៦៤៥ ក្រាម ងាយស្រួលប្រើដោតភ្ជាប់ជាមួយកុំព្យូទ័រ មានដៃបញ្ជាមួយគូអាចគ្រប់គ្រងចលនាខាងក្នុងបានយ៉ាងសុក្រិតតាមបច្ចេកវិទ្យា 6DOF។ អ្នកប្រើប្រាស់ក៏អាចរីករាយជាមួយសំឡេងសន្ទនាផ្ទាល់តាមកាសខាងក្នុងផងដែរ។
គួរបញ្ជាក់ថា Samsung HMD Odyssey នឹងដាក់លក់ក្នុងតម្លៃប្រមាណ ៧០៨ ដុល្លារអាមេរិក ហើយវាគឺជាការអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន Microsoft ក្រោមគោលបំណងជំរុញឧស្សាហកម្មហ្គេម VR ឱ្យមានសន្ទុះខ្លាំងឡើង។
ក្នុងថ្ងៃនោះ កម្មវិធីពី Microsoft ជាង ៤០ ក៏គ្រោងនឹងប្រកាសចេញផងដែរ ខណៈបច្ចុប្បន្ន គេមានកម្មវិធីជាង ២២០,០០០ រួចទៅហើយ ដែលអាចគាំទ្រជាមួយវ៉ែនតា MR៕
ប្រភពព័ត៌មានៈ zdnet
មតិយោបល់