ព័ត៌មានបច្ចេកវិទ្យា

Huawei ចេញលក់ Mate 10 រចនាបទ Porsche ថ្លៃកប់ iPhone X ទំហំ 256 GB

នៅថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញលក់ជាផ្លូវការនូវកំពូលស្មាតហ្វូន Mate 10 របស់ខ្លួន ដែលត្រូវបានរចនាឡើងជាពិសេស ស្របតាមរចនាបទរថយន្តប្រណិតរបស់អាល្លឺម៉ង់ Porsche នៅ​លើ​ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិឆាប់ៗខាងមុខ។

Huawei Mate 10 Porsche Edition ត្រូវបានដាក់លក់ក្នុងតម្លៃ ១៣៥៨ ដុល្លារ (តម្លៃបរទេស) គឺថ្លៃខ្ពស់ជាង iPhone X ដែលបំពាក់មេម៉ូរីម៉ាស៊ីនទំហំ ២៥៦ GB តម្លៃ ១១៤៩ ដុល្លារទៅទៀត។ ហើយបើធៀបទៅ​នឹង Samsung Galaxy Note 8 និង LG V30 មានតម្លៃ ៩៥០ ដុល្លារ និង ៨៤០ ដុល្លារ គឺវាកាន់តែថ្លៃខ្ពស់ជាងកប់។

ស្មាតហ្វូនលំដាប់កំពូលស៊េរីថ្មីរបស់ក្រុមហ៊ុនចិនម៉ូឌែលពិសេសនេះ នឹងមិនចែកចាយលក់នៅក្នុងទឹកដីអាមេរិកនោះទេ ប៉ុន្តែ នឹងមានលក់នៅតំបន់អឺរ៉ុប ជាមួយតម្លៃ ១៦៥០ ដុល្លារ។

Mate 10 Porsche Edition ខុសពី Mate 10 ធម្មតាត្រង់តួខ្លួនរបស់វា ត្រូវបានរចនាស្រោបដោយទឹកថ្នាំពិសេស ផ្សំឡើងដោយសារធាតុពេជ្រខ្មៅ ភ្លឺរលើបរលោង ខុសប្លែកពីគេ ច្នៃដោយអ្នកឯកទេសឌីហ្សាញរបស់ក្រុមហ៊ុន​ Porsche។ សម្បកខាងក្រោយ មានរចនារំលេចបន្ថែមដោយខ្សែឆ្នូតមានឡូហ្គូ Porsche Design មានបន្ថែម UI Theme ខ្លះ ព្រមទាំងបំពាក់មេម៉ូរីជាប់ម៉ាស៊ីនទំហំ ២៥៦ GB ធំជាងមេម៉ូរីរបស់ Mate 10 Pro ពីរដង។ ក្រៅពីនេះ វាត្រូវបានវ៉ិចខ្ចប់ក្នុងប្រអប់ដ៏មានតម្លៃ និងអមដោយកាសស្តាប់ត្រចៀករចនា​បទ Porsche មួយកំភ្លេរផងដែរ។

ដោយឡែក សម្រាប់សមាសធាតុ Hardware ខាងក្នុងរបស់វា គឺប្រហាក់ប្រហែលនឹង Mate 10 Pro ដែរដោយវាបំពាក់អេក្រង់ AMOLED ទំហំ ៦​ អីុញ ប្រើមាត្រដ្ឋានអេក្រង់ 18:9 Ratio ផ្តល់ថាមពលដោយបន្ទះឈីប Kirin 970 ប្រើ RAM ទំហំ ៦ GB កាមេរ៉ាភ្លោះក្រោយទំហំ ២០/១២ MP កាមេរ៉ាមុខទំហំ ៨ MP ថាមពលថ្ម ៤០០០mAh និងដើរលើប្រព័ន្ធប្រតិបត្តិការ Android Oreo ជាមួយផ្ទាំងកម្មវិធីប្រើប្រាស់ EMUI ជំនាន់ 8.0។

បើតាមការប្រកាសពី Huawei ទូរសព្ទ Mate 10 Porsche Design នេះ នឹងមានលក់នៅលើទីផ្សារនៃប្រទេសបារ៉ែន អេហ្ស៊ីប បារាំង ចក្រភពអង់គ្លេស អ៊ីតាលី គុយវ៉ែត លីបង់ ម៉ាឡេស៊ី ហូឡង់ អូម៉ាន កាតា អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង អេស្ប៉ាញ ស្វ៊ីស ថៃ និងអារ៉ាប់អេមីអេ ចាប់ពីដើមខែធ្នូ ឆ្នាំ ២០១៧ ខាងមុខ៕

ប្រភពព័ត៌មានៈ phonearena

មតិយោបល់