ក្រុមហ៊ុន Nokia បានថ្លែងនៅថ្ងៃពុធម្សិលម្សិញថា ខ្លួនកំពុងដាក់ពាក្យបណ្តឹងប្រឆាំងក្រុមហ៊ុន Apple ពីបទលួចចម្លងកម្មសិទ្ធិបញ្ញាលើបច្ចេកវិជ្ជារបស់ខ្លួនចំនួន ៣២ មុខ ដែលគ្របដណ្តប់ទៅលើអេក្រង់ កម្មវិធី ផ្ទាំងកម្មវិធីប្រើប្រាស់ បន្ទះឈីប កូដវីដេអូ អង់តែន និងមុខងារជាច្រើនផ្សេងៗទៀត។
ពាក្យបណ្តឹងនេះ ត្រូវបានក្រុមហ៊ុនដាក់ទៅកាន់តុលាការតំបន់ក្នុងប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក មួយថ្ងៃក្រោយពីក្រុមហ៊ុនបច្ចេកវិជ្ចាយក្សរបស់អាមេរិក បានប្តឹងក្រុមហ៊ុនម្ចាស់កម្មសិទ្ធិអាជ្ញាបណ្ណចំនួនពីរ និងបានចោទប្រកាន់ក្រុមហ៊ុនទាំងពីរនោះ ស៊ុមគ្រលំគ្នាជាមួយក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ហ្វាំងឡង់ ដើម្បីទាញយកកម្រៃខ្ពស់ហួសហេតុសម្រាប់ការព្រមចេញអាជ្ញាបណ្ណឱ្យក្រុមហ៊ុនខ្លួន។
ក្រុមហ៊ុន Nokia បានថ្លែងថា៖ «ចាប់តាំងពីការព្រមព្រៀងគ្នាទៅលើអាជ្ញាបណ្ណមួយគ្របដណ្តប់ទៅលើប៉ាតង់មួយចំនួនរបស់ខ្លួនក្នុងឆ្នាំ ២០១១ មក Apple បានបដិសេធចំពោះការផ្តល់ជូនបន្ថែមទៀតពីក្រុមហ៊ុន Nokia នូវអាជ្ញាបណ្ណបច្ចេកវិជ្ជាបង្កើតឡើងថ្មីៗដទៃផ្សេងទៀតរបស់ខ្លួន ដែលត្រូវបានយកទៅប្រើនៅលើផលិតផល Apple ជាច្រើន»។
គួរបញ្ចាក់ថា នៅថ្ងៃអង្គារ Apple បានចាត់វិធានការផ្លូវច្បាប់ប្រឆាំងក្រុមហ៊ុន Acacia Research និង Conversant Intellectual Property Management ដោយចោទប្រកាន់ថាក្រុមហ៊ុនម្ជាស់អាជ្ញាបណ្ណទាំងពីរ ផ្សំគំនិតជាមួយក្រុមហ៊ុន Nokia ដើម្បីជំរិតយកប្រាក់ពីខ្លួន និងក្រុមហ៊ុនផលិតស្មាតហ្វូនដទៃផ្សេងទៀតក្នុងកម្រិតមួយដ៏ខ្ពស់ ជាថ្នូរនឹងការផ្តល់ជូននូវអាជ្ញាបណ្ណលើប៉ាតង់របស់ពួកគេ ដោយមិនស្មើភាព ហើយវាជាឥរិយាបថមួយដែលចាត់ទុកថាជាការមិនចង់ឱ្យមានការប្រកួតប្រជែង៕
ប្រភពព័ត៌មាន៖ usatoday
មតិយោបល់