ហ៊ួរវ័យ គឺជាក្រុមហ៊ុនឈានមុខផ្នែកបច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មានវិទ្យានៅលើពិភពលោក និងជាក្រុមហ៊ុនដែលទើបឡើងកូដផ្នែកស្មាតហ្វូន ឈរលើលំដាប់លេខ ២ ថ្មីនេះ បានចូលរួមក្នុងពិធីសម្ពោធដាឲ្យប្រើប្រាស់នូវ “អណ្តូងទឹកសម្តេចតេជោ” ចំនួន ៥០ អណ្តូង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម លី អាន អគ្គកុងសុលផ្នែកសេដ្ឌកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ធប្រជាមានិតចិន ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង រួមទាំងភ្ញៀវកិត្តិយស លោក លោកស្រី អ្នកសារព័ត៌មាន និងប្រជាជនកម្ពុជាប្រមាណ ៣០០ នាក់។
អណ្តូងទឹកស្អាតសរុបចំនួន ៥០ ត្រូវបានបែងចែកដល់ ៥ ខេត្ត ដែលខ្សត់ប្រភពទឹក និងមានប្រភពទឹកឋិតនៅឆ្ងាយៗ។ ក្នុងនោះរួមមាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង និងបន្ទាយមានជ័យ ដោយក្នុងមួយខេត្តៗទទួលបាន 10 អណ្តូង ជាមួយការប្រសិទ្ធិនាមថា “អណ្តូងទឹកសម្តេចតេជោ”។
លោក ដាវិត លី (David Lixiongwei) អគ្គនាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន ហ៊ួរវ័យ តិចណូឡូជី ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ “កាលពីខែកញ្ញ ឆ្នាំ ២០១៦ កន្លងទៅនេះ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ផមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាផ្លវូការជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុនហ៊ួរវ័យ ប្រចាំពិភពលោកទាំងមូល គឺលោក លី ជីញជី (Li Jinge) ក្នុងជំនួបទ្វេភាគី និងផ្លូវការ ក្នុងឱកាសពិព័រណ៌ដ៍ធំប្រចាំឆ្នាំ រវាងចិន និងអាស៊ាន នាទីក្រុងណាន់ណីង។ ហ៊ួរវ័យ ក្នុងនាមជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវនៅកម្ពុជា បានបញ្ចក់ និងបង្ហាញជំហរគាំទ្រ និងផ្តល់អំណោយអណ្តូងទឹកចំនួន ៥០ ដើម្បីលើកកម្ពស់សុខភាព អនាម័យ ទឹកស្អាត និងការរស់នៅស្អាត ដល់ប្រជាជននាទីជនបទ ជូនដល់សម្តេច ក៍ដូចជារាជរដ្នាភិបាលកម្ពុជា។
“ថ្ងៃនេះ គឺជាថ្ងៃដ៍ឱឡារឹក ដែលយើងបានជួបជុំគ្នានៅទីនេះប្រកបដោយមោទនភាពដើម្បីបំពេញនូវការតាំងចិត្ត ការសន្យា និងមានក្តីរីករាយដែលបានឃើញលទ្ធផលជាផ្លែផ្កា គឺអណ្តូងទឹកចំនួន ៥០ ដើម្បីលើកកម្ពស់សុខភាព អនាម័យ ទឹកស្អាត រស់នៅស្អាត ដល់ប្រជាជននៅតាមទីជនបទដាច់ស្រយ៉ាល”។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា “ក្នុងនាមសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏សប្បុរស និងថ្លៃថ្លារបស់ក្រុមហ៊ុនហ៊ួរវ័យ ដែលបានឧបត្ថម្ភថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ពិសេសគឺការសាងសង់“អណ្តូងទឹកសម្តេចតេជោ”។
ជាការពិត ក្រុមហ៊ុនហ៊ួរវ័យ បានផ្តល់នូវហិរញ្ញប្បទានសម្បទានដ៏ច្រើនទាន់ពេលវេលាតាមតម្រូវការជាក់ស្តែង ក្នុងន័យរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទនៅពេលនេះ។ ការជួយឧបត្ថម្ភគាំទ្រនេះដែរ គឺជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ក្នុងខណៈកំពុងមានតម្រូវការចាំបាច់ក្នុងការស្តារនិងអភិវឌ្ឍប្រទេសជាតិរបស់ខ្លួននោះ។ ជាការពិតការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាកិច្ចការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅបង្កើនសមត្ថភាពសហគមន៍សម្រាប់សកម្មភាពនៃសុខភាពសាធារណៈដើម្បីបម្រើឲ្យបានជាអតិបរមាដល់ប្រយោជន៍របស់សង្គម”។
ហ៊ួរវ័យ គឺក្រុមហ៊ុនដែលមានទំនួលខុសត្រូវនៅកម្ពុជា បានចូលរួមនិងផ្តល់ជាអំណោយដល់រដ្ធាភិបាល ក៍ដូចជាប្រជាជនកម្ពុជា ជារៀងរាល់ឆ្នាំ តួយ៉ាងដូចជាការប្រគល់អំណោយដល់កាកបាទក្រហម ការបង្កើតកម្មវិធីបណ្តុះគ្រាប់ពូជ កម្មវិធីទស្សនៈវិស័យនៃកម្ពុជា។ ហ៊ួរវ័យ បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៩ បានសហការណ៍ជាមួយក្រុមហ៊ុនទូរគមនាគមន៍ ទូរស័ព្ទ បច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍ ក្រសួងមន្ទីរ ក៍ដូចជាតាមបណ្តាក្រុមហ៊ុន សហគ្រាសធំៗ។ ថ្មីៗនេះទៀតសោតក្រុមហ៊ុនក៍មានភាពលេចធ្លោខ្លាំងលើផ្នែកទូរស័ព្ទស្មាតហ្វូន និងទទួលបានការពេញនិយមនៅកម្ពុជា នៅទូទាំង ២៥ ខេត្តក្រុង ផងដែរ។
ក្រុមហ៊ុនបានផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យា បណ្តាញបច្ចេកវិទ្យា សេវាកម្ម ប្រមាណ ៧០% ដល់ប្រជាជនកម្ពុជាទាំងអស់ ហើយក្រុមហ៊ុនក៍បានបណ្តុះបណ្តាល ហ្វឹកហ្វឺន ដល់វិស្វករជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាប្រមាណ ១,០០០ នាក់ ដោយផ្ទាល់ និងដោយប្រយោលនៅកម្ពុជា ហើយភាគច្រើននៃបុគ្គលិក គឺជាជនជាតិខ្មែរ ពោលគឺប្រមាណ ៨០%៕
មតិយោបល់