ព័ត៌មានបច្ចេកវិទ្យា

គ្រាន់តែដាក់ Search Engine លើ iOS, Google ត្រូវបង់ប្រាក់ថ្លៃដល់ម្លឹងទៅ Apple!

លោកអ្នកដែលប្រើប្រាស់ iOS Devices (iPhone, iPad, & iPod Touch) ប្រហែលជាមិនចាប់អារម្មណ៍នោះទេ នៅពេលដែលចុចស្វែងរកអ្វីមួយនៅលើឧបករណ៍របស់ខ្លួនតាមប្រព័ន្ធអិុនធើណែត។ ហើយប្រហែលជាមិនចាប់អារម្មណ៍នោះទេ ហេតុអ្វីបានជា​ Apple សុខចិត្តបើកឱ្យមុខងារ Search Engine របស់ក្រុមហ៊ុន Google ឋិតនៅដើមដំបូងគេ ឬដើរដោយស្វ័យប្រវតិ្ត សម្រាប់រាល់ការរុករកព័ត៌មានផ្សេងៗដោយលោកអ្នកនោះ។

តាមពិតទៅនៅពីក្រោយរឿងនេះ គឺមានកិច្ចព្រមព្រៀងដ៏ធំមួយរវាងក្រុមហ៊ុន Apple និង Google។ បើតាមក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា ក្រុមហ៊ុនអិុនធើណែតយក្សរបស់អាមេរិក នឹងចំណាយលុយប្រមាណ ៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៧ ដើម្បីបន្តកិច្ចសហការនេះ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរួមជាតិជាមួយ។នេះបើយោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនស្រាវជ្រាវ Bernstein ចុះផ្សាយនៅថ្ងៃម្សិលមិញ។

ដោយឡែកការចំណាយទុនដ៏ច្រើនមហិមានេះ គឺក្រុមហ៊ុន Google អាចកើបប្រាក់ចំណេញបានយ៉ាងក្រាស់ក្រែលពីឧបករណ៍របស់ Apple ដែលគេព្យាករណ៍ថា ស្មើនឹងប្រមាណ ៥០% នៃចំណូលសរុបរបស់ក្រុមហ៊ុន បានមកពីសេវាកម្ម Search Engine នៅលើឧបករណ៍ចល័ត។

យោងតាមរបាយការណ៍ដដែល ក្រុមហ៊ុន Apple ក៏ទទួលបានផលកំណើនលើសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន ពីកិច្ចសហការនេះផងដែរ បន្ថែមពីលើប្រាក់ដែល Google បានបង់ឱ្យ ស្មើនឹង ៥% នៃប្រាក់ចំណេញប្រតិបត្តិការសរុបរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៧។

គួររំឭកថា ការសម្រេចព្រមព្រៀងដាក់បញ្ចូលមុខងារ Search Engine របស់ Google ក្នុងប្រព័ន្ធកម្មវិធី iOS គឺបានចាប់អនុវត្តតាំងពីឆ្នាំ ២០១៤ មកម្លេះ។ យោងតាមឯកសារនៅពេលនោះ Google បានចំណាយ ១ ពាន់លានដុល្លារ ដើម្បីដាក់តួនាទីមុខងារ Search Engine របស់ខ្លួននៅលើប្រព័ន្ធ iOS ភាគច្រើន៕

ប្រភពព័ត៌មានៈ 9to5mac

មតិយោបល់