ក្រុមហ៊ុន Facebook ទើបបានប្រកាសថា ចាប់ពីថ្ងៃនេះតទៅ អ្នកប្រើប្រាស់កម្មវិធី Messenger របស់ខ្លួន លើទូរសព្ទដើរដោយប្រព័ន្ធ Android និង iOS រាប់លាននាក់ នឹងអាចផ្ញើ និងទទួលរូបថតគុណភាពកម្រិតខ្ពស់ដល់ 4K ពីឧបករណ៍មួយទៅមួយហើយ។
អ្នកប្រើប្រាស់ដំបូងដែលនឹងទទួលបានប្រយោជន៍នេះ គឺនៅសហរដ្ឋអាមេរិក កាណាដា បារាំង អូស្រ្តាលី ចក្រភពអង់គ្លេស សិង្ហបុរី ហុងកុង ជប៉ុន និងកូរ៉េខាងត្បូង។
លក្ខណៈសម្បត្តិថ្មីនេះ ត្រូវបានក្រុមហ៊ុនបណ្តាញសង្គមយក្សលើកឡើងថា គឺជាការឆ្លើយតបទៅនឹងសំណើររបស់អ្នកប្រើប្រាស់ជាច្រើន ដែលទទួចសុំមិនចង់ឱ្យរូបថតរបស់ពួកគេដែលមានកម្រិតគុណភាព 4K ប្រែទៅជាមិនច្បាស់ល្អ បន្ទាប់ពីបញ្ជូនឆ្លងកាត់តាមកម្មវិធី Facebook Messenger ទៅកាន់មិត្តភក្តិ។
ពីមុនមក កម្មវិធីបណ្តាញសង្គមសារដ៏ពេញនិយមបំផុតនេះ ត្រូវបានក្រិតគុណភាពរូបផ្ញើទៅមកខ្ពស់បំផុតត្រឹម 2K ប៉ុណ្ណោះ។ បើរូបភាពមានគុណភាពខ្ពស់ជាងនេះ វានឹងបន្ថយដោយស្វ័យប្រវត្តិតែម្តង។
សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសដទៃ ក្រៅពីប្រទេសដែលមានរៀបរាប់មកពីខាងលើ នឹងអាចទទួលបានលក្ខណៈសម្បត្តិថ្មីនេះ នៅប៉ុន្មានសប្តាហ៍ខាងមុខ តាមរយៈកម្មវិធីកំណែថ្មី ដែលនឹងអាចទាញយកទៅដំឡើងតាមកម្មវិធី App Store ឬ Play Store លើទូរសព្ទដៃរបស់ខ្លួន៕
ប្រភពព័ត៌មានៈ Facebook
មតិយោបល់