ព័ត៌មានបច្ចេកវិទ្យា

Samsung កំពុងធ្វើការលើថ្មទូរសព្ទប្រភេទថ្មី មានសមត្ថភាពខ្ពស់យ៉ាងអស្ចារ្យ

បច្ចុប្បន្ន យើងសង្កេតឃើញថាស្មាតហ្វូន Mate 10 និង Pixel 2 XL របស់ក្រុមហ៊ុន Huawei និង Google ពិតជាមានថាមពលថ្មខ្លាំង អាចទ្រទ្រង់ដំណើរការប្រើប្រាស់បានយូរគួរឱ្យស្ងើចសរសើរមែនហើយ។ ប៉ុន្តែ សាក​ស្រមៃទៅមើលថា ប្រសិន​បើមានថ្មស្មាតហ្វូនថ្មី សាកឆាប់ពេញ និងមានសមត្ថភាព​ខ្ពស់ជាងហ្នឹងដល់ទៅ ៤៥% ទៀតនោះ!

យោងតាមរបាយការណ៍ពី Nature បានឱ្យដឹងថា វិទ្យាស្ថានតិចណូឡូជីជាន់ខ្ពស់របស់ក្រុមហ៊ុន Samsung បាននិងកំពុងធ្វើការលើថ្មក្រាហ្វីនីប្រភេទថ្មី ដែលអាចផ្តល់បន្ទុកថាមពលអគ្គីសនីកាន់តែខ្ពស់ និងកាត់បន្ថយពេលវេលាសាកបំពេញបានយ៉ាងច្រើនអស្ចារ្យ។

របាយការណ៍ដដែលបន្ថែមថា Samsung បានប្រើប្រាស់សារធាតុថ្មថ្មីនោះ ដើម្បីបង្កើតគ្រាប់ឃ្លីក្រាហ្វីនី ដែលជាធ្យូងថ្មពិសេសម្យ៉ាងប្រើប្រាស់នៅខាងក្នុងថ្មលីចូមដែកទូទៅនៅលើទូរសព្ទដៃទំនើបៗបច្ចុប្បន្ន។

ជាមួយគ្រាប់ឃ្លីក្រាហ្វីនីនោះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េ ត្រូវគេរាយការណ៍ថា អាចបង្កើនសមត្ថភាពថ្មឱ្យខ្ពស់ជាងមុនរហូតដល់ ៤៥% និងល្បឿនសាកបញ្ចូលថាមពលលឿនជាងមុនរហូតដល់ ៥ ដង។

ពិសេសជាងនេះ ក្រុមអ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន ដែលកំពុងធ្វើការពិសោធលើថ្មនោះអះអាងថា វាអាចរក្សាបន្ទុកបានយ៉ាងល្អរហូតដល់ ៧៨% សូម្បីតែក្រោយពេល​សាកបាន ៥០០ ដង។ ដូច្នេះ អ្នកប្រើប្រាស់មិនចាំបាច់ខ្វល់រឿងបន្ទាប់ពីប្រើមួយរយៈពេល ថាមពលថ្មធ្លាក់ចុះ និងប្រើឆាប់អស់នោះទេ។

ជាមួយរបកគំហើញនេះ Samsung បានស្នើសុំប៉ាតង់ជាម្ចាស់កម្មសិទ្ធិបញ្ញាលើ​បច្ចេ​កវិទ្យាផលិតគ្រាប់ឃ្លីក្រាហ្វីនី ពីគណកម្មការក្នុងសហរដ្ឋអាមេរិក និងនៅកូរ៉េខាងត្បូង។ ប៉ុន្តែ​ ក្រុមហ៊ុននៅមិនប្រាកដថាតើ ពេលណាខ្លួននឹងអាចពាំនាំថ្មប្រភេទថ្មីនោះ ទៅប្រើក្នុងស្មាតហ្វូនដែលគ្រប់គ្នាអាចទិញប្រើបាននៅឡើយទេ៕

ប្រភពព័ត៌មានៈ digitaltrends

មតិយោបល់