នៅប៉ុន្មានថ្ងៃមុននេះ Apple បានដាក់ចេញនូវកំណែថ្មីមួយទៀត iOS 11.2.2 ដើម្បីការពារប្រព័ន្ធកម្មវិធីរបស់ខ្លួនពីមេរោគ Meltdown និង Spectre ហើយណែនាំឱ្យអ្នកប្រើប្រាស់ iPhone និង iPad គ្រប់រូបឱ្យធ្វើការកែឡើង។
ទាក់ទងកំណែថ្មីនេះ បុរសម្នាក់មានឈ្មោះថា Melvin Mughal បានធ្វើការសាកល្បងទៅលើល្បឿនដំណើរការទូរសព្ទ iPhone 6 របស់ខ្លួន ដែលដើរដោយ iOS 11.1.2 ធៀបទៅនឹង iOS 11.2.2។
លទ្ធផលបានបង្ហាញថា បន្ទាប់ពីកែឡើងរួច ដោយពុំទាន់បញ្ចូលកម្មវិធីអ្វីទាំងអស់ Benchmark នៃ Core CPU ទូរសព្ទរបស់គេ មានល្បឿនធ្លាក់ចុះសរុបរហូតដល់ ៣៩% ហើយបើគិតល្បឿន Core តែមួយ គឺយឺតជាងមុន ៤១%។
លោក Melvin គូសបញ្ជាក់ថា ការថមថយនៃល្បឿនដំណើរការនេះ អាចដោយសារតែការកាត់បន្ថយសមត្ថភាព CPU ដើម្បីការពារបញ្ហារលត់របស់ទូរសព្ទដោយសារថាមពលថ្មចុះខ្សោយ ដែល Apple ទើបតែប្រកាសទទួលស្គាល់ថ្មីៗនេះ៕
ទាក់ទងទៅនឹងលទ្ធផលនេះ តើប្រិយមិត្តដែលកំពុងប្រើប្រាស់ iPhone 6 ឬក៏ម៉ូឌែលខ្ពស់ជាងនេះ និងដែលបានកែឡើង iOS 11.2.2 ជួបបញ្ហាយឺតដែរឬអត់? សូមជួយចែករំលែកបទពិសោធទៅអ្នកប្រើប្រាស់ដទៃផ្សេងទៀតផង!
ប្រភពព័ត៌មានៈMelv1n.com
មតិយោបល់