ព័ត៌មានបច្ចេកវិទ្យា

LG គ្រោងនឹងចេញ G6 ឱ្យបានមុន Galaxy S8 របស់ Samsung

យោងតាមរបាយការណ៍មួយចេញផ្សាយដោយ ETNews បានឱ្យដឹងថា ក្រុមហ៊ុន LG ចង់ឱ្យស្មាតហ្វូនត្រកូល G ជំនាន់ទី ៦ របស់ខ្លួន បង្ហាញវត្តមាននៅលើទីផ្សារមួយខែមុនកាលបរិច្ឆេតចេញជំនាន់មុនរបស់វា។ ពោលគឺ ក្រុមហ៊ុនត្រូវគេរំពឹងថា នឹងចេញលក់ G6 ក្នុងអំឡុងចុងខែកុម្ភៈ ឬដើមខែមិនា ខុសពី G5 ដែលបានប្រកាសចេញនៅចុងខែកុម្ភៈ ហើយចេញលក់នៅដើមខែមេសា។
ក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងមួយនេះ ត្រូវបានគេរាយការណ៍មកថា កំពុងព្យាយាមទាញយកប្រយោជន៍ពីការពន្យាពេលប្រកាសចេញ Galaxy S8 របស់គូប្រជែងរបស់ខ្លួន ដែលតាមព័ត៌មានក្រៅផ្លូវការកន្លងមកថា វានឹងប្រកាសចេញនៅខែមេសា ហើយនឹងចេញលក់បន្ទាប់ក្នុងអំឡុងខែតែមួយ។
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផលិតស្មាតហ្វូនតែងប្រណាំងប្រជែងគ្នាដើម្បីធ្វើយ៉ាងណាបញ្ចេញផលិតផលជំនាន់ថ្មីរបស់ខ្លួនឱ្យបានមុនគូប្រជែង ពីព្រោះ កាលបរិច្ឆេតចេញលក់នេះ ដើរតួសំខាន់ក្នុងការបង្កើនបរិមាណលក់ ពោល វាអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនបានមុនគេ។ ដូច្នេះ វាមិនមានអ្វីត្រូវភ្ញាក់ផ្អើលនោះទេដែលថាក្រុមហ៊ុន LG កំពុងពន្លឿនឱ្យកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនលេចវត្តមាននៅលើទីផ្សារមួយខែមុននោះ។
យោងតាមរបាយការណ៍ពី ETNews ដដែល ក្រុមហ៊ុន LG មានក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងគ្រៅសម្រាប់ G6 គ្រប់គ្រាន់រួចទៅហើយ ដើម្បីធ្វើយ៉ាងណាផលិតចេញទូរស័ព្ទស៊េរីថ្មីនេះឱ្យបានទាន់ពេលកំណត់មួយខែមុន៕

ប្រភពព័ត៌មាន៖ androidauthority

មតិយោបល់