ប្រធានក្រុមហ៊ុន Apple លោក Tim Cook នៅថ្ងៃម្សិលមិញ បានប្រកាសឱ្យដឹងថា កំណែ iOS 11 បន្ទាប់ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បិទផ្ទប់នូវមុខងារបន្ថយល្បឿនទូរសព្ទទៅតាមអាយុកាលថ្មរបស់វាបាន។
ការប្រកាសបែបនេះ គឺធ្វើឡើងក្រោយពី Apple បានសារភាពកាលពីខែមុនថា ខ្លួនបានទម្លាក់ល្បឿន iPhone ស៊េរីចាស់ៗ ដោយចេទនា ដើម្បីបញ្ជៀសបញ្ហាម៉ាស៊ីនរលត់ដោយសារថាមពលថ្មមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការ CPU របស់ឧបករណ៍។
នៅក្នុងកិច្ចសម្ភាស៍មួយជាមួយទូរទស្សន៍ ABC News លោក Cook បាននិយាយឱ្យដឹងថា កំណែប្រព័ន្ធ iOS 11 ជំនាន់បន្ទាប់នឹងចេញនៅខែក្រោយ សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធីសាកល្បង មុនពេលវាដាក់ចេញសម្រាប់សាធារណជនប្រើប្រាស់។
លោកថា ក្រុមហ៊ុននឹងផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ឆែកមើលសុខភាពថ្មទូរសព្ទរបស់ពួកគេ ធ្វើដូច្នេះ គឺវាមានតម្លាភាពខ្លាំង ខុសពីពេលមុនដែលមិនមាន។
នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ក៏បានគូសបញ្ជាក់បន្ថែមថា កំណែថ្មីនោះ នឹងផ្តល់ព័ត៌មានកាន់តែច្បាស់ដល់អ្នកប្រើប្រាស់ នៅពេលដែល iPhone ពួកគេថមថយល្បឿនដំណើរការដោយស្វ័យប្រវត្តិដើម្បីការពារការរលត់ជាយថាហេតុ ហើយប្រសិនបើពួកគេមិនចង់បានដូច្នោះ ពួកគេអាចបិទចោលបាន៕
ប្រភពព័ត៌មានៈ theverge
មតិយោបល់