លោកអ្នកដែលនិយមថតរូបភាព-វីដេអូលើស្មាតហ្វូនដែលមានកម្រិតសមត្ថភាពកាមេរ៉ាខ្ពស់ ជាពិសេសខ្ពស់ដល់ 4K នឹងលែងមានបញ្ហាខ្វះចន្លោះទំនេរសម្រាប់ផ្ទុកឯកសារទាំងនោះទៀតហើយ ជាមួយមេម៉ូរីកាតដ៏តូចចេញថ្មីមួយនេះ ពីក្រុមហ៊ុន Integral Memory របស់ចក្រភពអង់គ្លេស។
មេម៉ូរីកាតនេះ មិនត្រឹមតែគាំទ្រជាមួយបណ្តាស្មាតហ្វូនដែលមានរន្ធសម្រាប់ដោតបន្ថែមមេម៉ូរីកាតប្រភេទ MicroSD ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចយកទៅប្រើជាមួយកាមេរ៉ាថតសកម្មភាព កាមេរ៉ាដាក់លើតុ និងកាមេរ៉ាសន្តិសុខបំពាក់តាមផ្ទះ ឬការិយាល័យធ្វើការជាដើម។ល។ផងដែរ។
MicroSDXC ថ្មីនេះ មានល្បឿនបញ្ជូនទិន្នន័យក្រាហ្វិចកម្រិត ១០ ដែលអនុញ្ញាតឱ្យការផ្ទេរឯកសារមានល្បឿនដល់ ៨០ មេហ្គាបៃយ៍/វិនាទី ហើយវានឹងមានលក់នៅប៉ុន្មានខែក្រោយ (នៅបរទេស) ជាមួយការធានាគុណភាពរយៈពេល ៥ ឆ្នាំ។
ចំពោះទីផ្សារប្រទេសកម្ពុជា យើងសង្ឃឹមថា នឹងមានការនាំចូលពីបណ្តាហាងលក់ទូរសព្ទ និងកាមេរ៉ាផ្សេងៗ បន្ទាប់ពីវាត្រូវបានចែកចាយនៅលើទីផ្សារក្រៅប្រទេសក្នុងរយៈពេលណាមួយ៕
ប្រភពព័ត៌មានៈEngadget
មតិយោបល់