ព័ត៌មានបច្ចេកវិទ្យា

Apple គ្រោងចេញ iPad ស៊េរីថ្មី គែមស្តើងដូច iPhone X ឱ្យបានមុនបំណាច់ឆ្នាំ

យោងតាមអ្នកវិភាគផលិតផលរបស់ក្រុមហ៊ុន Apple ល្បីឈ្មោះ លោក Mark Gurman បានឱ្យដឹង​ថា ក្រុមហ៊ុនផលិត iPhone កំពុងគ្រោងនឹងបញ្ចេញ iPad ស៊េរីថ្មី ឱ្យបានមុនចុងឆ្នាំ ២០១៨។

ការអះអាងបែបនេះ គឺធ្វើឡើងនៅក្នុងរបាយការណ៍មួយ ដែលបានចង្អុលបង្ហាញ ពីក្រុមហ៊ុនផលិតបន្ទះឈីបរបសក្រុមហ៊ុន Apple ហើយក្នុងនោះ គេក៏បានលើកឡើងថា Apple នឹងណែនាំនូវកុំព្យូទ័រយួរដៃកំណែថ្មីៗ និងលើតុម៉ូឌែលថ្មីមួយក្នុងឆ្នាំ ២០១៨ នេះផងដែរ។

ប្រភពដដែលបន្ថែមថា iPad ស៊េរីថ្មីនោះ នឹងត្រូវបានរចនាជាមួយអេក្រង់គែមស្តើងដូចជា iPhone X បច្ចុប្បន្ន និងប្រើប្រាស់បន្ទះឈីបក្រាហ្វិចរចនាឡើងដោយក្រុមហ៊ុន​ Apple ថ្មីមួយ ដែលវាទំនងជាភ្ជាប់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិន្មិត AI (Artificial Intelligence)។

កាលពីខែតុលាកន្លងទៅ អ្នកទម្លាយព័ត៌មានសម្ងាត់ពាក់ព័ន្ធផលិតផលស្មាតហ្វូនស៊េរីបន្ទាប់របស់ក្រុមហ៊ុនធំៗ ដ៏ល្បីល្បាញ លោក Ming-Chi Kuo មកពីក្រុមហ៊ុន KGI Securities បានលើកឡើងថា Apple នឹងផ្លាស់ប្តូររចនាបទផលិតផល​ថេប្លេតរបស់ខ្លួន ជាមួយការបន្ថែមមុខងារ Face ID និងអេក្រង់គែមស្តើងដូចជា iPhone X។

ទាក់ទងទៅនឹងការអះអាងទាំងនេះ ប្រសិនបើវាជាការពិតមែន iPad ថ្មី នឹងបំពាក់កាមេរ៉ា TruthDepth គាំទ្រជាមួយមុខងារ Portriat ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូប Selfie ក៏ដូចជាអាចបង្កើតរូបកូនតុក្កតារស់រវើក Animoji ថ្មីបាន ដូចជា iPhone X អីចឹងដែរ៕

ប្រភពព័ត៌មានៈBloomberg

មតិយោបល់