ព័ត៌មានបច្ចេកវិទ្យា

ឧទ្ធរណ៍កូរ៉េខាងត្បូង សម្រេចដោះលែងទាយាទ Samsung ឱ្យមានសេរីភាព!

តុលាការឧទ្ធរណ៍ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានសម្រចព្យួរទោសអគ្គនាយករងក្រុមហ៊ុន Samsung គ្រុប លោក Lee Jay-Yong ឱ្យមានសេរីភាព បន្ទាប់លោកបានអនុវត្តទោសក្នុងពន្ធធនាគារបានមួយឆ្នាំ ពីបទពុករលួយ និងស៊ីសំណូក។

ការដោះលែងនេះ គឺធ្វើឡើងផងដែរក្រោយតុលាការកំពូលរបស់ប្រទេសបានកាត់បន្ថយទោសពាក់កណ្តាល ដល់រូបលោក ពី ៥ ឆ្នាំ មកនៅត្រឹម ២ ឆ្នាំកន្លះ ហើយ​សល់ប៉ុន្មានទៀត ត្រូវបានសម្រេចព្យួរចោល។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ក្នុងរយៈពេល ១ ឆ្នាំនៃការឃុំខ្លួន លោក Lee បានចំណាយពេលហាត់ប្រាណ និងអានសៀវភៅ ហើយថា លោកនឹងអាចបន្តបំពេញតួនាទីជាថ្នាក់ដឹកនាំក្រុមហ៊ុន Samsung បានដូចដើម ប៉ុន្តែ សម្រាប់សិទ្ធិក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេស ត្រូវឆ្លងកាត់ការសម្រេចពីតុលាការជាមុនសិន។

គួររំឭកថា ទាយាទសម្ព័ន្ធក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង វ័យ ៤៩ ឆ្នាំរូបនេះ ត្រូវបានចាប់បញ្ជូនទៅក្នុងពន្ធធនាគារពីខែកុម្ភៈ ឆ្នាំ ២០១៧ ក្រោយពីតុលាការរកឃើញថា លោកជាប់ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវពុករលួយដ៏កក្រើកមួយ ដែលឈានរហូតដល់ទាញទម្លាក់លោកស្រី Park Geun-hye ចេញពីតំណែងប្រធានាធិបតីរបស់ប្រទេស៕

ប្រភពព័ត៌មានៈ engadget

មតិយោបល់