ក្រុមហ៊ុន LG បានប្រកាសថា កំពូលស្មាតហ្វូនជំនាន់បន្តបន្ទាប់របស់ខ្លួននឹងមានសុវត្ថិភាពកាន់តែខ្ពស់ចំពោះការផ្ទុះឆេះ នឹងកើនកម្តៅ។ ការប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពីការផ្ទុះឆេះរបស់ Galaxy Note 7 បានក្លាយជាប្រធានបទក្តៅក្នុងឆ្នាំ ២០១៦ រហូតដល់ក្រុមហ៊ុន Samsung ត្រូវបង្ខំចិត្តប្រមូល និងបញ្ឈប់ការប្រើប្រាស់កំពូលស្មាតហ្វូនដ៏ពេញនិយមរបស់ខ្លួននេះទូទាំងពិភពលោក។

លោក Lee Seok-jong មកពីក្រុមប្រត្តិបត្តិការទំនាក់ទំនងទូរស័ព្ទចល័តរបស់ក្រុមហ៊ុន LG Electronics បានមានប្រសាសន៍ថា៖ «យើងនឹងបង្កើនកម្រិតសុវត្ថិភាពស្មាតហ្វូនជំនាន់បន្តបន្ទាប់របស់យើងឱ្យបានកាន់តែខ្ពស់បន្ថែមទៀត ខណៈអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗកំពុងស្វែងរកស្មាតហ្វូនដែលមានសុវត្ថិភាពគួរជាទីទុកចិត្ត»។
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសកូរ៉េមួយនេះសន្យាថា នឹងបំពាក់បច្ចេកវិជ្ជាដែលអាចផ្តល់នូវសុវត្ថិភាពកាន់តែខ្ពស់សម្រាប់ស្មាតហ្វូន ដែលចាប់ផ្តើមពីផលិតផលទូរស័ព្ទដៃស៊េរី G6 តទៅ។ ក្រុមហ៊ុននឹងបំពាក់បំពងបំភាយកម្តៅមួយ ដែលត្រូវបានប្រើជាទូទៅនៅលើកុំព្យូទ័រប្រភេទលើតុ និងយួរដៃ ហើយវាអាចជួយកាត់បន្ថយកម្តៅភាយចេញពីម៉ាស៊ីនទូរស័ព្ទខាងក្នុងបានយ៉ាងឆាប់រហ័យ និងប្រកបដោយប្រសិទ្ធភាព។
បន្ថែមទីលើនេះ ក្រុមហ៊ុននឹងដាក់ស្មាតហ្វូនរបស់ខ្លួនឱ្យឆ្លងកាត់ដំណើរការសាកល្បងពីកម្រិតសុវត្ថិភាពរបស់វាទៅតាមបទដ្ឋានមួយដែលមានលក្ខណៈតឹងរឹង និងម៉ត់ចត់ជាងបទដ្ឋានដែលទាមទារជាអន្តរជាតិនាពេលបច្ចុប្បន្ន៕
ប្រភពព័ត៌មាន៖ androidauthority
មតិយោបល់