ព័ត៌មានបច្ចេកវិទ្យា

Windows 10 ដែលមានអ្នកប្រើប្រចាំ ៤០០ លាននាក់ នឹងបំពាក់មុខងារ eye-tracking ឆាប់ៗនេះ!

ក្រុមហ៊ុន Microsoft នឹងដាក់បញ្ចូលមុខងារថ្មីមួយទៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 10 របស់ខ្លួន នាពេលឆាប់ៗខាងមុខនេះ ដែលវា​នឹង​អនុញ្ញាត​ឱ្យមនុស្សជាង ៤០០ លាននាក់ កំពុងប្រើប្រាស់ប្រព័ន្ធដំណើរការកុំព្យូទ័រចុងក្រោយនេះ អាចប្រើក្រសែភ្នែករបស់ពួកគេដើម្បីគ្រប់គ្រងលើកម្មវិធីផ្សេងៗមួយចំនួនបាន។

មុខងារពិសេសថ្មីនេះ ត្រូវបានក្រុមហ៊ុនឱ្យឈ្មោះថា​ Eye Control ហើយលោកអ្នកនឹងអាចបើកដំណើរការកម្មវិធី វាយបញ្ចូលពាក្យ ឬធ្វើការទៅលើកិច្ចការទូទៅផ្សេង​ៗដោយការសំលឹងផ្តោតនៅលើផ្ទាំងមួយនៅផ្នែកខាងស្តាំនៃផ្ទៃអេក្រង់។

បច្ចេកវិទ្យា Eye Control ត្រូវបាន Microsoft ចាប់ដៃគូសហការជា​មួយ Tobii ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ អភិវឌ្ឍ និងលក់ផលិតផលចាប់សញ្ញា ឬចលនាក្រសែភ្នែករបស់មនុស្ស។ ដូច្នេះ តាមរយៈវត្តមាននៃមុខងារនេះ គេនឹងឃើញឧបករណ៍តាមដានក្រសែភ្នែករបស់ក្រុមហ៊ុន Tobii ច្រើនជាងគេ បំពាក់ជាមួយកុំព្យូទ័រ Windows ជាមិនខាន។

គួរបញ្ជាក់ថា ការបំពាក់បន្ថែមមុខងារថ្មីនេះ គឺធ្វើឡើងដោយផ្តោតជាពិសេសលើគោលដៅអ្នកប្រើប្រាស់ដែលពិការកាយសម្បទាន មិនមានលទ្ធភាពក្នុងការបញ្ចូលទិន្នន័យដោយប្រើដៃ ខណៈកន្លងមកក្រុមហ៊ុន Microsoft និង​ Apple អភិវឌ្ឍមុខងារពិសេសៗ ដោយ​ផ្តោតតែទៅលើអ្នកដែលមានបញ្ហាចក្ខុ និងសោតវិញ្ញាណប៉ុណ្ណោះ។

ដោយឡែក មុខងារថ្មីនេះដែរ ត្រូវគេរំពឹងថា នឹងលេចរូបរាងនៅលើឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀត និងឧបករណ៍ចល័តនាពេលអនាគតខាងមុខជាមិនខាន៕

ប្រភពព័ត៌មានៈ engadget

 

មតិយោបល់