ក្រុមហ៊ុន Acer បានប្រកាសចេញកាមេរ៉ាថតរូបបែបរង្វិលជុំ ៣៦០ ដឺក្រេ ដំបូងបង្អស់របស់ពិភពលោក ដោយមានបំពាក់ប្រព័ន្ធ LTE ឬ 4G រួចជាស្រេច នៅឯវេទិកាសន្និសិទ្ធសារព័ត៌មានជាសកលប្រចាំឆ្នាំមួយរបស់ខ្លួន នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បត្តិ៍មុននេះ។
នាយកប្រតិបត្តិក្រុមហ៊ុន Acer លោក Jason Chan បានថ្លែងថា Holo 360 គឺជាកាមេរ៉ាថតរូប ៣៦០ ដឺក្រេ មុនដំបូងគេបង្អស់ដែលមិនត្រូវការការតភ្ជាប់ទៅកាន់ទូរសព្ទដៃណាមួយឡើយ ហើយវាក៏អាចប្រើសម្រាប់ការហៅទូរសព្ទចេញផងដែរ ប៉ុន្តែ លោកគិតថា អ្នកប្រើប្រាស់នឹងមិនធ្វើត្រូវការប្រើវានៅលើកាមេរ៉ានេះនោះទេ។
កាមេរ៉ាថតរូបភាព-វីដេអូ VR ដែលក៏មានបំពាក់មកជាមួយអេក្រង់រួចស្រេចជាលើកដំបូងដែរនេះ គឺមានភ្នែកកាមេរ៉ារាងស្វែរពីរនៅខាងលើ ឋិតនៅផ្នែកម្ខាងពីគ្នា ហើយវាដើរដោយប្រព័ន្ធប្រតិបត្តិការ Android ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែកចាយឯកសារកម្សាន្តផ្សេងៗ ទៅកាន់បណ្តាញសង្គមនានា ដូចជា Facebook, Twitter, Instagram បានយ៉ាងងាយស្រួលដោយផ្ទាល់តែម្តង (បណ្តាញសង្គមមួយចំនួនមិនទាន់អាចគាំទ្ររូបភាព–វីដេអូប្រភេទរង្វិលជុំ 360 ដឺក្រេបាននៅឡើយទេ)។
ទោះយ៉ាងណា នៅក្នុងព្រឹត្តិការណ៍ដែលមានការប្រកាសចេញផលិតផលកុំព្យូទ័រ និងអេឡិចត្រូនិចជាច្រើនផ្សេងទៀតនោះ ក្រុមហ៊ុនមិនបានលើកយក Holo 360 មកបង្ហាញឱ្យឃើញដោយផ្ទាល់ភ្នែកនោះទេ ដូច្នេះ គេមិនអាចដឹងថា វាមានទំហំតូច ឬធំប៉ុណ្ណាឱ្យប្រាកដឡើយ៕
ប្រភពព័ត៌មានៈ mashable
មតិយោបល់