និស្សិតនៃសកលវិទ្យាល័យ Stanford រដ្ឋ California សហរដ្ឋអាមេរិក មួយក្រុម កាលពីសប្តាហ៍មុននេះ បានប្រមូលផ្តុំគ្នានៅមុខអគារ Apple Store មួយកន្លែង នាទីក្រុង Palo Alto ដើម្បីតវ៉ាប្រឆាំងនឹងការផលិតចេញទូរសព្ទ iPhone ដែលនាំឱ្យមនុស្សម្នាវក់នឹងការប្រើប្រាស់វា។
យុវនិស្សិតមួយក្រុមដែលបានតាំងឈ្មោះឱ្យក្រុមខ្លួនថា Stanford Students Against Addictive Devices ឬហៅកាត់ថា SSAAD បានស្តីបន្ទោសក្រុមហ៊ុន Apple ដែលមិនបានចាត់វិធានការទប់ស្កាត់អ្នកប្រើប្រាស់ពីការឆែកទូរសព្ទដៃ iPhone និងថេប្លេត iPad របស់ពួកគេមិនឈប់ឈរ។
ក្រុមនិសិ្សតទាំងនោះ បានលើកបាដានៅពីមុខហាងលក់ផលិតផល Apple នោះ ដោយទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៃប្រទេសខ្លួន រិះរកមធ្យោបាយបញ្ឈប់អ្នកមាន iPhone ប្រើក្នុងដៃ លែងវក់វីតែលើអេក្រង់ទូរសព្ទរបស់ពួកគេ។
និស្សិតឆ្នាំទី៤ ម្នាក់ឈ្មោះ Sanjay Kannan បានបង្ហាញលទ្ធផលស្ទាប់ស្ទង់មតិនៅឆ្នាំ ២០១៦ ដែលរៀបចំឡើងដោយប្រព័ន្ធផ្សព្វផ្សាយ Common Sense Media ដែលរកឃើញថា យុវជន ៥០% ញៀននឹងទូរសព្ទដៃរបស់ពួកគេ ខណៈឱពុកម្តាយ ៦៩% តែងតែឆែកទូរសព្ទរបស់ខ្លួនជារៀងរាល់ម៉ោង។
ក្រុម SSAAD បានស្នើទៅ Apple ដាក់បញ្ចូលនូវកម្មវិធីលើ iPhone មួយ ដែលអាចតាមដានការប្រើប្រាស់ទូរសព្ទ និងរាយការណ៍លម្អិតពីលំនាំនៃការប្រើប្រាស់ផ្សេងៗរបស់អ្នកប្រើប្រាស់។
បច្ចុប្បន្ន ម្ចាស់ទូរសព្ទ iPhone អាចត្រឹមតែតាមដានរយៈពេលដែលពួកគេប្រើប្រាស់កម្មវិធីនីមួយៗគិតជាភាគរយ ដូចជាភាគរយនៃការប្រើប្រាស់ថាមពលថ្មសរុបរយៈពេល ២៤ ម៉ោងក្នុងមួយសប្តាហ៍។
កាលពីខែមករា Apple បាននិយាយថា ខ្លួនកំពុងរកមើលនូវវិធីសាស្រ្តដើម្បីផ្តល់នូវបទពិសោធន៍កាន់តែប្រសើរទៅដល់អតិថិជនខ្លួន។ ក្រុមហ៊ុនមានមុខងារ និងកំណែកម្មវិធីថ្មីៗមួយចំនួនដែលបានគ្រោងឡើងសម្រាប់ថ្ងៃអនាគត ហើយខ្លួនគិតយ៉ាងល្អិតល្អន់អំពីថាតើអតិថិជនប្រើផលិតផលរបស់ខ្លួនតាមរបៀបណា ហើយតើពួកគេ និងមនុស្សនៅជុំវិញមានរងផលប៉ះពាល់ពីផលិតផលរបស់ខ្លួនដែរឬក៏អត់៕

ប្រភពព័ត៌មានៈAppleInsider
មតិយោបល់