ចិន៖ មើលទៅ Nokia ប្រហែលជាវិលមកកាន់ទីផ្សារស្មាតហ្វូនមែនហើយ ព្រោះថាព័ត៌មានថ្មីបានលាតត្រដាងនូវការពិត ដែលនៅក្រោយនៃការវិលត្រឡប់មកវិញរបស់ Nokia។
សារព័ត៌មាន Nokia Power User បានចេញផ្សាយថា ក្រុមហ៊ុន Nokia បានបង្កើតស្មាតហ្វូនចំនួន ២ម៉ូដែលសម្រាប់ស្វាគមន៍នៃការវិលត្រឡប់មកកាន់ទីផ្សារទូរស័ព្ទវិញ ដោយស្មាតហ្វូនទាំងពីរម៉ូដែលនោះ ត្រូវបានគេស្គាល់ឈ្មោះថា Nokia C1 និង P1 ដោយប្រើប្រាស់ប្រព័ន្ធដំណើរការ Android ជំនាន់ចុងក្រោយបំផុត។
ទាំងពីរម៉ូដែលនេះ មួយមានអេក្រង់ទំហំ ៥,២អ៊ីញ និង៥,៥អ៊ីញ ជាប្រភេទ OLED រួមនឹងមុខងារជាច្រើនទៀត ក្នុងនោះប្រហែលជាមានមុខងារស្គែនម្រាមដៃផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងត្រូវដាក់បង្ហាញនៅចុងឆ្នាំ ២០១៦ ហើយនឹងសម្រុកទីផ្សារនៅដើមឆ្នាំ ២០១៧ ជាមួយនឹងតម្លៃប្រហែល ៥០០ដុល្លារអាមេរិក។
យោងតាមការបញ្ជាក់ពីប្រភពខាងលើ បានឲ្យដឹងថា ស្មាតហ្វូនទាំងពីរម៉ូដែលនេះ អាចធុននឹងទឹកបានជម្រៅ ១ម៉ែត្រ និងរយៈពេល ៣០នាទី។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nokia បានលក់អាជីវកម្មទូរស័ព្ទចល័តឲ្យក្រុមហ៊ុន Microsoft ក្នុងតម្លៃ ៧,២ពាន់លានដុល្លារអាមេរិក ហើយនៅក្នុងកិច្ចព្រមព្រៀង ក្រុមហ៊ុន Nokia មានសិទ្ធិផលិតទូរស័ព្ទដៃប្រើស្លាកសញ្ញា Nokia វិញបាននៅត្រីមាសទី៤ ឆ្នាំ២០១៦៕
មតិយោបល់