ចិន៖ ពិតជាឈឺក្បាលខ្លាំងណាស់! នៅថ្ងៃនេះ សារព័ត៌មានចិន បានចេញផ្សាយថា Apple នឹងប្រកាសបង្ហាញ iPhone 6 SE និង 6 SE Plus ជំនួស iPhone 7 និង 7 Plus ខណៈដែលពិភពលោកទាំងមូលបានជឿថា iPhone ជំនាន់ថ្មីគឺ iPhone 7។
ព័ត៌មាននេះ ពិតជាបានធ្វើឲ្យមហាជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ iPhone 6 SE ធ្លាប់ត្រូវបានលេចឮព័ត៌មានចចាមអារ៉ាមទាំងពីដើមឆ្នាំ ២០១៦ ប៉ុន្តែបានស្ងប់ទៅវិញ ក្រោយពេលមានព័ត៌មានជាច្រើនបានចេញមុខមកអះអាងពីវត្តមាន iPhone 7។
នៅលើបណ្ដាញសង្គមចិន QQ បានបង្ហោះរូបភាព និងបញ្ជាក់ថា iPhone ជំនាន់ថ្មីគឺ iPhone 6 SE មិនមែនជា iPhone 7 នោះទេ ប៉ុន្តែប្រភពព័ត៌មានជាច្រើនបានចុះផ្សាយថា ការលេចឮក៏ដូចជារូបភាពមួយចំនួនទាក់ទងនឹង iPhone 6 SE នេះ គឺជាព័ត៌មានក្លែងក្លាយ។
គួរបញ្ជាក់ផងដែរថា iPhone ជំនាន់ថ្មី ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅដើមខែកញ្ញា ខាងមុខនេះ ហើយចេញលក់នៅចុងខែកញ្ញា៕
មតិយោបល់