រដ្ឋផ្លរីដាៈ វាហាក់ដូចជារឿងភាគអីចឹង បើនិយាយអំពីហនិភ័យដែលបង្កឡើងដោយស្មាតហ្វូន Galaxy Note 7 របស់ក្រុមហ៊ុន Samsung។ នៅថ្ងៃនេះ សារព័ត៌មាន Phone Arena បានចុះផ្សាយថា មនុស្សមួយគ្រួសារ ជិតបាត់បង់ជីវិត ដោយសារតែ Galaxy Note 7។
លោក Nathan Dornacher រស់នៅក្នុងតំបន់ St. Petersburg រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បាននិយាយថា លោកនឹងគ្រួសារ បានត្រៀមខ្លួនចេញដំណើរកម្សាន្ត ព្រោះវាជាថ្ងៃឈប់សម្រាក ហើយលោកបានសាកថ្ម Galaxy Note 7 នៅក្នុងរថយន្តម៉ាក Jeep ចំណែករូបលោក និងគ្រួសារគឺបានស្ថិតនៅក្នុងផ្ទះ។ មិនបានប៉ុន្មាននាទីផងដែរ ស្រាបតែលោកបានឮសំឡេងផ្ទុះមួយនៅខាងមុខផ្ទះ រំពេចនោះ លោកបានចេញមកក្រៅ ក៏ស្រាបតែឃើញភ្លើងឆេះរថយន្តរបស់លោក។
ក្រុមពន្លត់អគ្គីភ័យក៏បានមកដល់ នៅប៉ុន្មាននាទីក្រោយ ប៉ុន្តែអ្វីដែលលោកអាចសន្មត់បាននោះគឺមកពី Galaxy Note 7 ទើបបណ្ដាលឲ្យកើតមានករណីបែបនេះ។ ខាងក្រុមហ៊ុន Samsung បានទាក់ទងមករូបលោក ដោយសហការធ្វើការស៊ើបអង្កេតទៅលើករណីនេះ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីដើមខែនេះ Galaxy Note 7 បានកើតមានបញ្ហា រហូតដល់ក្រុមហ៊ុន Samsung ប្រកាសប្រមូលមកវិញនៅទូទាំងពិភពលោក និងបាននិយាយថា បញ្ហានោះ វាបានកើតឡើងដោយសារតែថ្ម៕
https://www.youtube.com/watch?v=utHRQtuzuYo
មតិយោបល់