បន្ទាប់ពីទូរសព្ទ iPhone 8 Plus ជួបបញ្ហាហើបសម្បកឡើងដោយសារតែបញ្ហាថ្មប៉ោង ដែលត្រូវគេរាយការណ៍ថា បានកើតមាននៅក្នុងប្រទេសជប៉ុនមួយករណី និងនៅតៃវ៉ាន់មួយករណី កាលពីដើមសប្តាហ៍រួចមក ព័ត៌មានដែលមិនធ្លាប់កើតមាននៅលើទូរសព្ទ iPhone នេះ គឺមិនទាន់ស្ងប់រលត់បាត់នៅឡើយទេ។
នៅពីរបីថ្ងៃចុងក្រោយនេះ ក្នុងប្រទេសកាណាដា ចិន គ្រិច និងហុងកុង ក៏មានម្ចាស់ទូរសព្ទ iPhone 8 Plus ត្រូវគេរាយការណ៍ថា បានជួបបញ្ហាស្រដៀងគ្នានេះដែរ។ ក្រៅពីនោះ ក៏មានដែរអ្នកលើកឡើងពីឧប្បត្តិហេតុ iPhone 8 Plus របើកសម្បកដោយឯកឯងរាយការណ៍មកកាន់គេហទំព័រ Mashable និងលើបណ្តាញសង្គមប្លុក Reddit ដែលរហូតមកទល់ពេលនេះ សរុបមាន ៩ ករណីហើយ។
លោក Chris Ogden រស់នៅក្នុងសង្កាត់ ក្រុងញូវយ៉ក បានប្រាប់ Mashable ថា គាត់បានប្រើ iPhone 8 Plus ពណ៌ទឹកប្រាក់ ទំហំ ២៥៦ GB បានមួយសប្តាហ៍ ក៏ចាប់អារម្មណ៍ឃើញថា តួទូរសព្ទរបស់គាត់ផ្នែកខាងមុខ និងខាងក្រោយហើបឡើងចេញពីគ្នាតែម្តង។ គាត់បានបន្ថែមថា មុននឹងជួបបញ្ហាដូច្នោះ គាត់បានសាកថ្មទូរសព្ទរបស់គាត់ ដោយប្រើឆ្នាំងសាកឥតខ្សែ Anker Qi ដាក់នៅលើតុ ព្រមជាមួយការប្រើខ្សែដោត Lighting ពី Apple ពីរបីដង។
លោក Ogden បានយកទូរសព្ទរបស់ខ្លួនទៅឱ្យបុគ្គលិកនៅហាង Apple ពិនិត្យមើល និងប្តូរថ្មីដោយមិនគិតថ្លៃ។ បុគ្គលិកហាងបានប្រាប់គាត់ថា ពួកគេបានផ្ញើទូរសព្ទខូចនោះទៅឱ្យក្រុមហ៊ុនឆែកមើលហើយ។
អ្នកប្រើប្រាស់ម្នាក់ផ្សេងទៀតឈ្មោះ Itsrishabh បានអះអាងតាមបណ្តាញសង្គម Reddit ថា iPhon 8 Plus របស់គាត់ហើបសម្បកផ្នែកខាងក្រោយចេញពីអេក្រង់ចាប់តាំងពីនៅក្នុងប្រអប់មកម្លេះ ដែលនេះ គឺដូចទៅនឹងរបាយការណ៍មួយចំនួនផ្សេងទៀតពីមុនអីចឹងដែរ។
ទោះយ៉ាងណាអ្នកប្រើប្រាស់ Reddit រូបនោះ មិនបានផ្តល់ព័ត៌មានលម្អិតទាក់ទងទៅនឹងករណីដែលខ្លួនបានជួបប្រទះនោះទេ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple ម្នាក់ បានប្រាប់ Mashable ថា ពួកគេកំពុងស៊ើបអង្កេតរកមូលហេតុដែលបង្កឱ្យកើតមានករណីថ្ម iPhone ទាំងអម្បាលមានហើបប៉ោងឡើង ប៉ុន្តែ បានបដិសេធមិនផ្តល់ការអធិប្បាយអ្វីបន្ថែម៕
មតិយោបល់