ព័ត៌មានបច្ចេកវិទ្យា

គុណវិបត្តិ ៤ ចំណុច​របស់ MacBook Pro ស៊េរីឆ្នាំ ២០១៦

កុំព្យូទ័រយួរដៃ MacBook Pro ស៊េរីឆ្នាំ ២០១៦ ដែលក្រុមហ៊ុន Apple ទើបបានប្រកាសចេញយ៉ាងឱឡារឹកកាលពីពេលថ្មីៗនេះ កំពុងធ្វើឱ្យអ្នកស្នេហាផលិតផលម៉ាកផ្លែប៉ោមមិនតិចទេ រំជួលចិត្តចង់បានវាមកប្រើ ហើយអ្នកខ្លះក៏កំពុងគ្រោងថានឹងប្តូរ MacBook Pro ចាស់ដែលខ្លួនទើបទិញប្រើមិនទាន់បានមួយឆ្នាំផងនោះ ចេញទៀតផង។
ទំនោរចិត្តស្រឡាញ់យ៉ាងផុសផុលបែបនេះ កំពុងនាំឱ្យ Apple ដុតដៃដុតជើងជំរុញឱ្យរោងចក្រផ្សេងៗបង្កើនបរិមាណផលិតកម្មរបស់វាឱ្យទាន់តម្រូវការបញ្ជាទិញពីអតិថិជន។ ទាំងនេះ គឺដោយសារតែ MacBook Pro ស៊េរីថ្មីនេះ ត្រូវបានកែលម្អរចនាបទ និងបន្ថែមលក្ខណៈសម្បត្តិមួយចំនួនដូចជា គុណភាពពណ៌អេក្រង់ ទម្ងន់ កម្រាស់ និង Touch Bar ជាដើម។ ទន្ទឹមគ្នានេះ ក៏មានអតិថិជនជាច្រើនផងដែរ ដែលកំពុងរអ៊ូរទាំទៅលើកុំព្យូទ័រយួរដៃដ៏ប្រណិតនេះលើចំណុចមួយចំនួនដែលពួកគេគិតថាជាគុណវិបត្តិដែលពិបាកទទួលយកបាន ហើយ Post Tech សូមស្រង់យកគុណវិបត្តិធំៗចំនួន ៤ មកធ្វើការចែករំលែកជូនដល់មិត្តអ្នកអានឱ្យបានជ្រាបដូចខាងក្រោម៖
១- អ្នកត្រូវចំណាយលុយទិញឌុយតបន្ថែម
Apple បានរចនា MacBook Pro ស៊េរីថ្មីរបស់ខ្លួននេះ ដោយបំពាក់រន្ធ Thunderbolt 3 (USB-C) ចំនួន ២ និងចំនួន ៤ (សម្រាប់ស៊េរីអេក្រង់ ១៥ អ៊ីង) តែពុំមានឡើយរន្ធ USB 2.0/3.0 និងរន្ធស៊ក SDCard ហើយសូម្បីតែរន្ធ Lighting។ ម្លោះហើយ ប្រសិនបើអ្នកប្រើទូរស័ព្ទស៊េរី iPhone សូម្បីតែ iPhone 7/ 7Plus ក៏មិនអាចសាកថ្មតាមវាបានដែរ គឺបើចង់សាកបាន ត្រូវទិញឌុយតបន្ថែម ដោយវាមានឌុយតខុសៗគ្នាសម្រាប់តភ្ជាប់ជាមួយឧបករណ៍បន្ទាប់បន្សំផ្សេងៗ។ ជាអាទិ៍ ឌុយបំប្លែងពី USB-C ទៅ USB ធម្មតា, USB-C ទៅខ្សែ Lighting និង Thunder 3 ទៅ Thunder 2 ជាដើម។ ទោះយ៉ាងណា ដោយសារតែរងការរិះគន់យ៉ាងដំណំពីអតិថិជន ឌុយបំប្លែងទាំងនោះ ត្រូវបានក្រុមហ៊ុនលក់បញ្ចុះតម្លៃច្រើនគួរសម។

២- មិនមានសមត្ថភាពអាជីពដូចឈ្មោះ Pro របស់វា
MacBook Pro ថ្មីស៊េរីអេក្រង់ទំហំ ១៣ អ៊ីញ ត្រូវបានបង្កើនទំហំអង្គផ្ទុកទិន្នន័យគោលពី 128 GB ទៅ 256 GB ប៉ុន្តែ ចំពោះស៊េរីអេក្រង់ ១៥ អ៊ីញវិញ ក្រុមហ៊ុនមិនបានបង្កើនឱ្យស្របគ្នានោះទេ គឺនៅរក្សាត្រឹម 256 GB និងអាចជ្រើសរើសអង្គផ្ទុកទិន្នន័យធំបំផុតទំហំ 512 GB ហើយវាមិនមានរន្ធស៊កបន្ថែមខាងក្នុងនោះទេ។ ហេតុដូចនេះ ជាមួយទំហំផ្ទុកឯកសារត្រឹមកន្លះ TB វានឹងពិបាកខ្លាំងណាស់សម្រាប់អ្នកដែលជាវវាទៅប្រើក្នុងការងារអាជីព ហើយក៏មិនសមនឹងឈ្មោះ Pro (Professional) របស់វាផងដែរ។ ជាងនេះទៅទៀត សមត្ថភាពអង្គប្រតិបត្តិក៏មិនសូវខ្ពស់ជាងជំនាន់មុនប៉ុន្មានដែរ។

៣- តម្លៃខ្ពស់ជាងស៊េរីមុន ២ សន្លឹក
បើយើងធ្វើការប្រៀបធៀបតម្លៃរវាង MacBook Pro អេក្រង់ ១៣ អ៊ីញ ឆ្នាំមុន និងឆ្នាំនេះ គឺខុសគ្នារហូតដល់ ២០០ ដុល្លារ ឯណោះ។ ពោលគឺ ស៊េរីឆ្នាំ ២០១៥ ចេញដំបូងថ្លៃចាប់ពី ១,២៩៩ ដុល្លារ ឯស៊េរីឆ្នាំ ២០១៦ ថ្លៃចាប់ពី ១,៤៩៩ ដុល្លារ។ ជាមួយតម្លៃដែលត្រូវបានដំឡើងខ្ពស់ជាងគ្នារហូតដល់ពីរសន្លឹកដូច្នេះ ក្រុមហ៊ុនមិនបានបំពាក់ Touch ID និង Touch Bar ថ្មីដូច MacBook Pro អេក្រង់ ១៥ អ៊ីញថ្មីនោះទេ។ ចំណុចនេះហើយដែលកំពុងធ្វើឱ្យអតិថិជនជាច្រើនមិនពេញចិត្ត ហើយអ្នកខ្លះអាចច្រឡំថាស៊េរីអេក្រង់ ១៣ អ៊ីងនោះមានសមាសភាពផ្សំថ្មីៗដូចគ្នាទៅនឹងស៊េរីអេក្រង់ ១៥ អ៊ីញដែរ បើពួកគេមិនបានពិនិត្យលក្ខណៈសម្បត្តិរបស់វាឱ្យបានម៉តចត់នោះ។

៤- Touch Bar ឡូយប្លែកពីគេមែន តែមិនសូវបានការ
អ្នកប្រើប្រាស់មួយចំនួនរិះគន់ទៅលើ Touch Bar ដែលត្រូវបានក្រុមហ៊ុនអួតអាងថាជាលក្ខណៈសម្បត្តិពិសេសល្អបំផុតមិនធ្លាប់មានពីមុន ដោយពួកគេពោលថា មិនសូវមានប្រយោជន៍ និងងាយស្រួលបញ្ជាទៅលើកម្មវិធីផ្សេងៗរបស់ពួកគេ។ មិនតែប៉ុណ្ណោះ អតិថិជនទាំងនោះថែមទាំងបន្ថែមទៀតថា បច្ចុប្បន្ន មានរោងចក្រជាច្រើនបានផលិតចេញអេក្រង់ប្រភេទប៉ះដែលអាចបញ្ចាំងរូបភាពកម្រិត Ultra HD តែ Apple បែរជាជ្រើសរើសបំពាក់អេក្រង់ប្រភេទ OLED ថ្មីមួយឆ្តូតវែងទៅវិញ ម៉េចក៏មិនបំពាក់អេក្រង់ប្រភេទប៉ះទាំងស្រុងតែម្តងទៅ៕
mak
ប្រភព៖ techuncut

មតិយោបល់