ខណៈដែលបណ្ដាផលិតកម្មស្ទើរទាំងអស់ ផ្ដោតជាសំខាន់លើចង្វាក់បែកស្លុយ និងបំផុសជាទូទៅអោយយុវវ័យប្រើប្រាស់តែសំលៀកបំពាក់បែបយុវវ័យឆើតៗមិនឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរនោះ បណ្ដាផលិតករ និងតារាសិល្បៈមួយចំនួនបានទទូចកុំអោយមហាជនភ្លេចចង្វាក់ខ្មែរ និងសំលៀកបំពាក់បែបប្រពៃណីរបស់ខ្លួនសម្រាប់ឱកាសរាំរែកចូលឆ្នាំ។ ជាមួយគ្នានោះក៏ទទូចអោយបណ្ដាផលិតកម្មងាកទៅផលិតបទចម្រៀងបែបខ្មែរអោយបានច្រើនជាជំនួសវិញដែរ ដើម្បីកុំអោយយុវវ័យមានចិត្តភ្លើតភ្លើន។ ក្នុងឱកាសថតកម្មវិធីសម្រាប់ត្រៀមចាក់ផ្សាយនៅពិធីបុណ្យចូលឆ្នាំ លោកតាវ៉ិចទ័រ បានអះអាងថាលោកមានការព្រួយបារម្ភបន្ទាប់ពីបទចម្រៀងភាគច្រើន ហាក់បំផុសអោយយុវវ័យរាំរែក និងតុបតែងខ្លួនរៀបជាបែកស្លុយច្រើនជាងបទដែលមានលក្ខណៈជាចង្វាក់ប្រពៃណី។ លោកថាយុវវ័យងាយនឹងទទួលចំហាយបទចម្រៀងទាំងនោះណាស់ ដោយសារតែក្រុយយុវវ័យចូលចិត្តអ្វីដែលថ្មី និងប្លែក។ លោកទទូចអោយក្រុមផលិតករ និងតារាចម្រៀង ងាកមកបំផុសអោយក្មេងជំនាន់ក្រោយចេះស្រឡាញ់ចង្វាក់ប្រពៃណីរបស់ខ្លួន និងចូលចិត្តសំលៀកបំពាក់បែបថ្លៃថ្នូររបស់ខ្លួនត្រលប់មកវិញ…