ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD នឹងផ្តល់ទឹកប្រាក់ ៣០លានអឺរ៉ូ សម្រាប់គម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតចំការមន និងប្រព័ន្ធចែកបាយទឹករបស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។
តាមរយៈគម្រោងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចនឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន ឲ្យបានដល់ ៥២០០០ម៉ែត្រគុបក្នុងមួយថ្ងៃ ដែលបច្ចុប្បន្ន អាចផលិតបានត្រឹម ១៤០០០ម៉ែត្រគុបក្នុងមួយថ្ងៃ។
ដើម្បីសម្រេចគោលដៅនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវធ្វើការផ្លាស់ប្តូរបំពង់ទុយោទឹកចាស់ ពីស្ថានីយ៍បូមទឹកល្អក់ មករោងចក្រផលិតទឹកស្អាត ដែលមានតាំងពីឆ្នាំ ១៩៩៦ និងពង្រីកប្រព័ន្ធចែកចាយទឹក នៅជាយរាជធានីភ្នំពេញទាំងមូល។
លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ឥណទានពី AFD គឺបានដើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ធនធានខ្ចីពីដៃគូអភិវឌ្ឍន៍ សម្រាប់វិនិយោគលើវិស័យអាទិភាពចំនួន ៤ គឺ ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាឥណទានសម្បទានលើកទី ៦ ដែលកម្ពុជា ទទួលបានពី AFD បន្ទាប់ពីកិច្ចព្រមព្រៀងលើកទី ១ ត្រូវបានផ្តល់ដល់កម្ពុជា កាលពីឆ្នាំ ២០១៣៕
មតិយោបល់