ព័ត៌មានអន្តរជាតិ

លោកអាបេ មកដល់សហរដ្ឋអាមេរិក មុនពេលកិច្ចប្រជុំកំពូលជាមួយ ត្រាំ

អាមេរិកៈ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានមកដល់ប្រ​លាន​យន្តហោះ Joint Base Andrews ក្នុងរដ្ឋម៉ា​រី​លែ​ន សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅមុនពេលជំនួបកំពូលមួយ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ពាក់ព័ន្ធនឹងការចូលរួមប្រជុំកំពូលនេះដែរ លោក អាបេ រំពឹងទុកថា គឺដើម្បីធ្វើកិច្ចចរចាគណៈរដ្ឋមន្ត្រីថ្មីរវាងជប៉ុន និងអាមេរិក ស្តីពីពាណិជ្ជកម្ម សន្តិសុខ និងបញ្ហាម៉ាក្រូសេដ្ឋកិច្ច រួមទាំងរូបិយប័ណ្ណ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ នៅថ្ងៃសុក្រនេះផងដែរ។

បន្ទាប់ពីជំនួបនៅទីក្រុងវ៉ាស៊ីនតោន លោកអាបេ និងលោក ត្រាំ គ្រោងនឹងធ្វើដំណើរទៅកាន់ឆ្នេរ Palm ក្នុងរដ្ឋ Florida ដោយស្នាក់នៅក្នុងភូមិគ្រឹះមាសដ៏​ធំ​ស្កឹមស្កៃរបស់ប្រធានាធិបតីអាមេរិក មាន​ឈ្មោះ​ថា Mar-a-Lago ដែលសំណង់​អចលនទ្រព្យនេះ ​យក​គំរូ​តាម​វិមាន​អឺរ៉ុប ក្នុងនោះមេដឹកនាំទាំងពីរ នឹងលេងកីឡាវាយកូនគោលជាមួយគ្នា នៅថ្ងៃសៅរ៍៕

មតិយោបល់