កម្មវិធី SOYO ជាប្រព័ន្ធវីដេអូអនឡាញថ្មីមួយ ដែលអតិថិជនអាចទស្សនាខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ជាតិនិងអន្តរជាតិ នៅលើឧបករណ៍នានា ដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត បាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
លោក ស៊ុត ឈាងឡេង នាយកគ្រប់គ្រងផ្នែកអាជីវកម្មរបស់ SOYO បានឲ្យដឹងថា កម្មវិធី SOYO ត្រូវបានបង្កើតឡើងដោយ ជនជាតិខ្មែរ គួបផ្សំជាមួយអ្នកជំនាញបរទេស ដោយចំណាយពេលប្រមាណជាង ១ឆ្នាំ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៧។
លោកបន្តថា កត្តាសំខាន់ ដែលជម្រុញឲ្យមានការបង្កើតកម្មវិធី SOYO នេះឡើង គឺដោយសារការមើលឃើញនូវ តម្រូវការទីផ្សារបណ្តាញផ្សព្វផ្សាយឌីជីថល ជាពិសេសគឺ ជម្រុញឲ្យមានការបង្កើតឡើងនូវ ភាពយន្តថ្មីៗ ដោយផលិតករក្នុងស្រុក ដើម្បីលើកស្ទួយដល់វិស័យភាពយន្តនៅកម្ពុជា។
កម្មវិធី SOYO រំពឹងចាប់យកចំណែកទីផ្សារភាពយន្តអនឡាញ តាមរយៈ មាតិកាភាពយន្តផ្តាច់មុខ និងស្របច្បាប់ ដែលផ្តល់ដោយដៃគូក្នុងស្រុក និងអន្តរជាតិ ហើយវានឹងអនុញ្ញាតិឲ្យអតិថិជន អាចទស្សនាភាពយន្ត និងកម្មវិធីនានា (បកប្រែ និងមានអក្សររត់ ជាភាសាខ្មែរ) ក្នុងតម្លៃសមរម្យ និងងាយស្រួលបង់ប្រាក់។
គួរជម្រាបដែរថា កម្មវិធី SOYO ទទួលបានការគាំទ្រពី ក្រុមហ៊ុន Sabay Digital Corporation ហើយបច្ចុប្បន្នលោកអ្នកអាចទាញយកកម្មវិធីនេះ ដោយឥតគិតថ្លៃ នៅលើគេហទំព័រ ឬប្រព័ន្ធ Android ខណៈប្រព័ន្ធ iOS នឹងរួចរាល់ នាពេលដ៏ឆាប់ខាងមុខនេះ៕
មតិយោបល់