ព័ត៌មានសេដ្ឋកិច្ច

ប្រាក់ឈ្នួលអប្បបរមាកម្មករ កើនឡើង ១៣លើក ពី ៣០ដុល្លារ ដល់ ១៥៣ដុល្លារ/ខែ

គិតមកទល់ពេលនេះ ការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត ត្រូវបានពិភាក្សាជាលក្ខណៈត្រីភាគីបានចំនួន ១៣លើក ដោយកើនពី ៣០ដុល្លារអាមេរិក ក្នុងឆ្នាំ ១៩៩៧ រហូតដល់ ១៥៣ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧នេះ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះ។

សម្រាប់ឆ្នាំ ២០១៧ ប្រាក់ឈ្នួលអប្បបរមា ១៥៣ដុល្លារ ត្រូវបានសម្រេចក្រោយការបោះឆ្នោត ជ្រើសរើសតួលេខ ១៤៨ដុល្លារអាមេរិក ហើយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែម ៥ដុល្លារអាមេរិកទៀត ដែលធ្វើឲ្យប្រាក់ឈ្នួលកម្មករ ឡើងដល់ ១៥៣ដុល្លារអាមេរិក។

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងថា ចាប់ពីឆ្នាំ ២០១៩តទៅ កម្មករនិយោជិតទាំងអស់ នឹងទទួលបានប្រាក់ចូលនិវត្តន៍ (ប្រាក់រឺ ត្រែត) ដូចមន្រ្តីរាជការដែរ​ ពោលគឺ ពេលមានកម្លាំងធ្វើការទទួលបានប្រាក់ខែ ហើយពេលចាស់ទៅធ្វើការមិនកើត ក៏មានប្រាក់រឺត្រែតដែរ។

បច្ចុប្បន្ន ចំនួនរោងចក្រកំពុងបន្តកើនឡើងជាបន្តបន្ទាប់ ដែលបានផ្តល់ការងារជាច្រើនដល់ បងប្អូនប្រជាពលរដ្ឋ ដែលក្នុងនោះ ប្រាក់ខែ ក៏ត្រូវបានតម្លើងជាបន្តបន្ទាប់ អាចឈានដល់ ១៦៨ដុល្លារអាមេរិកក្នុងមួយខែ នៅឆ្នាំ ២០១៨ ដោយមិនទាន់បូកនឹង ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។

ដើម្បីឲ្យស្របទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប្រាក់ឈ្នួលអប្បបរមាកម្មករ ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នឹងត្រូវដំឡើងរៀងរាល់ឆ្នាំ ដោយមិនរាប់បញ្ចូលប្រាក់បន្ថែមផ្សេងទៀត។

សម្រាប់ស្រ្តីជាកម្មការិនី មានផ្ទៃពោះ ត្រូវបានផ្តល់ប្រាក់បន្ថែម ១២០ភាគរយ សម្រាប់សម្រួលនៅពេលឆ្លងទន្លេ។

ទន្ទឹមនឹងនេះ​ សាលារាជធានីភ្នំពេញ នឹងផ្តល់សេវាឡានក្រុងសាធារណៈ ដោយឥតគិតថ្លៃ រយៈពេល ២ឆ្នាំ ដល់កម្មករ កម្មការិនីទាំងអស់ ដោយគ្រាន់តែបង្ហាញកាតការងារ។

ជាចុងក្រោយ ចាប់ពីខែមករា ឆ្នាំ ២០១៨ទៅ កម្មករនិយោជិតទាំងអស់ មិនចាំបាច់បង់ថ្លៃ ចំពោះសេវារបស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពទៀតឡើយ គឺនិយោជក (ក្រុមហ៊ុន) នឹងទទួលរ៉ាប់រងលើចំណាយនេះទាំងអស់៕

មតិយោបល់