ព័ត៌មានសុខភាព

កុំមើលងាយប៉ិគក់ តាមពិត​វាមានប្រយោជន៍​លើសលប់

ប៉ិគក់ គឺជាដំណាំមួយប្រភេទដែលត្រូវបានគេដាំដុះនៅប្រទេស អាមេរិកកណ្តោល អាស៊ីខាងត្បូង និងតំបន់ផ្សេងៗទៀត ដែលមាន​អាសធាតុ​ក្តៅហើយសើម។ មើមរុក្ខជាតិនេះ គេអាចញ៉ាំឆៅក៏បាន ឬយកទៅធ្វើជានំក៏បានដែរ គឺអាស្រ័យទៅលើការចូលចិត្តរបស់អ្នកទទួលទាន។ ប៉ុន្តែ បើយោងតាមគេហទំព័រ healthycare បានបង្ហាញឲ្យដឹងថា ប៉ិគក់ ផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងក្រៃចំពោះសុខភាព ដែលគ្រប់គ្នា​ពុំធ្លាប់​ដឹង​ពីមុន​មក។

១.សម្បូរវីតាមីន C
វីតាមីន C ដែលមានវត្តមាននៅក្នុងមើម ប៉ិគក់ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងការរលាក ការពារបញ្ហាភ្នែក និងជួយឲ្យស្បែក​មាន​សុខភាពល្អ។ ទន្ទឹមនឹងនេះផងដែរ ក្រុមវេជ្ជបណ្ឌិតជាច្រើនបានណែនាំថា វីតាមីន C របស់វា អាចជួយការពារអ្នកពីជំងឺផ្កាសាយបាន។

២.ផ្ទុកកាឡូរីតិច
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប៉ិគក់ ស្ទើរតែគ្មានជាតិខ្លាញ់ ដែលជាហេតុធ្វើឲ្យវាក្លាយទៅជាអាហារដ៏ល្អបំផុត សម្រាប់អ្នកចង់សម្រកទម្ងន់ និងជួយរក្សាសុខភាពឲ្យមានតុល្យភាព។

៣.ជាប្រភពនៃជាតិសរសៃខ្ពស់
ជាតិសរសៃដែលមាននៅក្នុង ប៉ិគក់ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការបញ្ចុះកូឡេស្តេរ៉ុល សម្ពាធឈាម និងធ្វើឲ្យប្រសើរឡើង​នូវ​ប្រព័ន្ធរំលាយអាហារ។

៤.ពោរពេញទៅដោយសារធាតុរ៉ែ
ប៉ិគក់ មួយមើមមានផ្ទុកជាតិដែកប្រហែលជា ៤ក្រាម សារធាតុមួយនេះហើយ ដែលគ្រូពេទ្យបានផ្តល់អនុវសាសន៍ឲ្យអ្នកទទួលទានជាប្រចាំ។ មិនតែប៉ុណ្ណោះ ប៉ិគក់ សម្បូរទៅដោយប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពទូទៅ។

៥.ជួយឲ្យខួរក្បាលមានសុខភាពល្អ
ប៉ិគក់ មានផ្ទុកវីតាមីន B6 ដែលអាចធ្វើឲ្យប្រសើរឡើងនូវមុខងាររបស់ខួរក្បាល និងជំរុញឲ្យខួរក្បាលមានសុខភាពល្អ។ វីតាមីនមួយនេះ អាចជួយបង្កើតកោសិកាឈាមក្រហម និងការពាររាងកាយពីការវាយប្រហារនៃពពួកបាក់តេរី ព្រមទាំងវីរុសផងដែរ៕

មតិយោបល់