ឥណ្ឌាៈ កងទ័ពជើងទឹកក្នុងប្រទេស នៅថ្ងៃសុក្រ បានឲ្យដឹងថា ខ្លួនបានជោគជ័យ សម្រាប់ការសាកល្បងដំបូងនៃប្រព័ន្ធដំឡើងថ្មី ដោយការបាញ់កាំជ្រួចមីស៊ីល ទៅលើអាកាស ចេញពីនាវាផ្ទុកយន្តហោះចម្បាំងរបស់ខ្លួន ឈ្មោះថា INS Vikramaditya ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ផ្លូវការមួយ បាននិយាយថា ការបាញ់នេះ ត្រូវបានធ្វើឡើងនៅឯសមុទ្រអារ៉ាប់ កាលពីថ្ងៃពុធ ដើម្បីត្រៀមខ្លួន សម្រាប់ធ្វើប្រតិបត្តិការនៅតំបន់ដែនសមុទ្រភាគខាងលិច ដែលដឹកនាំដោយលោកឧត្តមនាវីឯក Girish Luthra។
ការបាញ់មីស៊ីលនេះ ជាសញ្ញាបង្ហាញពីភាពជោគជ័យ ដែលធ្វើឲ្យប្រសើរទ្បើងនូវសមត្ថភាពប្រតិបត្តិការ របស់កងនាវាជើងទឹក លើនាវាដឹកយន្តហោះចម្បាំង ដើម្បីរារាំង និងការការពារដែនសមុទ្រជាតិ។
គួរបញ្ជាក់ដែរថា នាវានេះ មានទម្ងន់ ៤៤ ៥០០តោន ប្រវែង ២៨៤ម៉ែត្រ និងដែលអាចផ្ទុកយន្តហោះខ្នាត MiG-២៩K ចំនួន ៣០គ្រឿង ព្រមទំាងដឹកមនុស្សបាន ១ ៦០០នាក់៕
មតិយោបល់