បើនិយាយពីផ្លែត្របែកវិញអ្នកណាៗក៏ចូលចិត្តដែរ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ពិសារ ហើយមានតម្លៃថោកសមរម្យថែមទៀត។ ប៉ុន្តែបើយោងតាមគេហទំព័រ soha បានបង្ហាញថា ផ្លែត្របែកពិតជាមានអត្ថប្រយោជន៍អស្ចារ្យណាស់សម្រាប់សុខភាព។ ដោយសារតែវាមានតម្លៃអាហារូបត្ថម្ភខ្ពស់ដូចជា ជាតិសរសៃ វីតាមីនC វីតាមីនA ស័ង្កសី និងម៉ង់ហ្គាណែស ចំណែកឯ ជាតិខ្លាញ់ កូឡេស្តេរ៉ុល និងជាតិសូដ្យូមមានកម្រិតទាប ដែលអំណោយផលបំផុតសម្រាប់រាងកាយ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង៧យ៉ាងដែលបានមកពី ការទទួលទានផ្លែត្របែកជាប្រចាំៈ
១.ការពារបញ្ហាទល់លាមក
ការបរិភោគផ្លែត្របែករាល់ថ្ងៃ អាចជួយបំពេញជាតិទឹកគ្រប់គ្រាន់សម្រាប់ពោះវៀន ហើយជាតិសរសៃរបស់វាអាចការពារបញ្ហាទល់លាមកថែមទៀត។
២.កាត់បន្ថយជំងឺមហារីក
វីតាមីនC ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែត្របែក អាចជួយបង្កើនប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបង្កជាជំងឺមហារីក និងបេះដូង។ តាមការសិក្សាមួយក៏បានបង្ហាញដែរថា ការញ៉ាំផ្លែត្របែកជាទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៣.ពង្រឹងប្រព័ន្ធភាពស៊ាំ
វីតាមីនC មាននៅក្នុងផ្លែត្របែក មានច្រើនជាងវីតាមីនC នៅក្នុងផ្លែក្រូចរហូតដល់ទៅ៤ដង។ វីតាមីនC នេះហើយ អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយការពាររាងកាយឲ្យមានសុខភាពល្អ និងជៀសផុតពីជំងឺផ្សេងៗ។
៤.ប្រឆាំងនឹងភាពចាស់
ក្រៅពីវីតាមីនC និងវីតាមីនA ផ្លែត្របែកមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា សារធាតុ Lycopene និង carotene ដែលមានសមត្ថភាពការពារស្នាមជ្រួញ និងធ្វើឲ្យស្បែកម៉ដ្ឋរលោង។ ការទទួលទានត្របែករាល់ថ្ងៃ អាចជួយពន្យាភាពចាស់នៃស្បែក ហើយជួយឲ្យស្បែកតឹងណែនផងដែរ។
៥.ជួយឲ្យភ្នែកភ្លឺច្បាស់
បើទោះបីជាត្របែកមិនមានវីតាមីនច្រើនដូចជាការ៉ុត ក៏ប៉ុន្តែសារធាតុចិញ្ចឹមរបស់វាពិតជាផ្តល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព។ វីតាមីនA អាចជួយការពារភ្នែកឲ្យមានសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃជំងឺខ្វាក់មាន់។
៦.ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
អាស៊ីតហ្វូលិក វីតាមីនB9 ត្រូវបានអ្នកជំនាញផ្តល់អនុសាសន៍សម្រាប់ស្ត្រីមានផ្ទៃពោះ ពីព្រោះវាអាចជួយដល់ការអភិវឌ្ឍនៃប្រព័ន្ធប្រសាទរបស់ទារក។
៧.ល្អសម្រាប់ខួរក្បាល
វីតាមីនB3 ដែលមាននៅក្នុងផ្លែត្របែក ដើរតួនាទីយ៉ាងសំខាន់ចំពោះការរំញោចខួរក្បាលចំណែកឯវីតាមីនB6 អាចជំនួយដល់មុខងារខួរក្បាល និងប្រព័ន្ធប្រសាទ។ លើសពីនេះទៅទៀត ផ្លែត្របែកត្រូវបានគេចាត់ទុកថា ជាប្រើឈើដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយសារតែវាមានជាតិស្ករតិច៕
មតិយោបល់