ផាសិន(Passion) គឺជាផ្លែឈើមួយប្រភេទដែលមានសំបកពណ៌ស្វាយ ពណ៌លឿង ពណ៌មាស ហើយគេនិយមយកមកក្រឡុកជាទឹកផ្លែឈើសម្រាប់ទទួលទាន ព្រោះវាមានតម្លៃអាហារូបមត្ថម្ភខ្ពស់ណាស់។ ក្រៅពីមានតម្លៃអាហារូបត្ថម្ភខ្ពស់ ផ្លែផាសិន ត្រូវបានគេរកឃើញថា អាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ ដែលគ្រប់គ្នាមិនធ្លាប់ដឹងពីមុនមក។
រក្សាសម្ពាធឈាម
ការទទួលទានផ្លែផាសិន រាល់ថ្ងៃអ្នកនឹងទទួលបានប៉ូតាស្យូម១ភាគ៤ នៃសារធាតុរ៉ែសំខាន់ៗទាំងអស់។ ក្រៅពីនេះ វាអាចជួយសម្រួលដល់ចរាចរឈាម ពង្រឹងសុខភាពសរសៃឈាមបេះដូង និងកាត់បន្ថយភាពតានតឹងនៅក្នុងបេះដូង។ សារធាតុប៉ូតាស្យូម មានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាលំនឹងជាតិទឹកនៅក្នុងខ្លួន។ ដូច្នេះ អ្នកគួរតែទទួលទានផ្លែឈើមួយប្រភេទនេះឲ្យបានទៀងទាត់ ដើម្បីថែរក្សាបេះដូង និងកោសិកាឲ្យមានសុខភាពល្អ។
បង្កើនប្រព័ន្ធភាពស៊ាំ
ផាសិន សម្បូរទៅដោយវីតាមីនA, C និងសារធាតុចិញ្ចឹមសំខាន់ដូចជា បេតាការ៉ូទីន(beta carotene) និង Xanthin ដែលមានប្រសិទ្ធភាពក្នុងការជម្រុញឲ្យប្រព័ន្ធភាពស៊ាំដំណើរការបានល្អ។ ការប្រើប្រាស់ផ្លែឈើនេះទៀងទាត់ អាចជួយឲ្យរាងកាយធន់នឹងជំងឺគ្រុនផ្តាសាយ រួមទាំងការឆ្លងមេរោគផ្សេងៗផងដែរ។
រក្សាសុខភាពសរសៃឈាមបេះដូង
ផ្លែឈើមួយប្រភេទនេះ មានផ្ទុកជាតិខ្លាញ់ទាប ហើយកូឡេស្តេរ៉ុល ស្ទើរតែគ្មានសោះ។ ផ្ទុយទៅវិញ វាមានផ្ទុកជាតិសរសៃច្រើនដែលអាចកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម និងបង្កើនកូឡេស្តេរ៉ុលល្អក្នុងឈាមជំនួសវិញ។
ការពារជំងឺមហារីក
សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែផាសិន មានសមត្ថភាពកាត់បន្ថយរ៉ាល់ឌីកាល់សេរីនៅក្នុងរាងកាយអ្នកជំងឺមហារីក មានប្រសិទ្ធភាពបំផុត។ ជាពិសេស សារធាតុ Flavonoids, Phenol និងវីតាមីនA របស់វាអាចប្រឆាំងនឹងជំងឺមហារីកសួត មហារីកមាត់ និងប្រភេទនៃជំងឺមហារីកផ្សេងៗទៀត។
ថែរក្សាពោះវៀនឲ្យមានសុខភាពល្អ
ផ្លែផាសិន អាចផ្តល់ជាតិសរសៃខ្ពស់រហូតដល់ទៅ ៩៨ភាគរយ នៅពេលដែលអ្នកទទួលទានរាល់ថ្ងៃ។ ជាតិសរសសៃ គឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហារ ព្រោះវាអាចជួយសម្រួលក្នុងការរំលាយអាហារ កាត់បន្ថយបញ្ហាទល់លាមក ប្រឆាំងនឹងជំងឺរលាកពោះវៀន មហារីកពោះវៀនធំ និងរន្ធគូថ ផងដែរ។
កែលម្អភ្នែកឲ្យមានសុខភាពល្អ
ផាសិន គឺជាផ្នែកមួយនៃអាហារដែលមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាពភ្នែក ដោយសារតែវាមានផ្ទុកសារធាតុប្រឆាំងកម្រិតខ្ពស់ដូចជា វីតាមីន A, C និង flavonoids។ សារធាតុចិញ្ចឹមទាំងនេះ អាចការពារភ្នែកពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី និងការពារស្រទាប់កែវភ្នែកផងដែរ៕
ប្រភពៈ rak sukapap
មតិយោបល់