ព័ត៌មានសុខភាព

វិធីព្យាបាលអាការចាញ់កូន ក្នុងអំឡុងពេល៣ខែដំបូង

ក្នុងរយៈពេល៩ខែ១០ថ្ងៃ នៃការពពោះ ស្ត្រីត្រូវឆ្លងកាត់បទពិសោធន៍ដ៏លំបាក់ជាច្រើនដែលប្រុសៗមិនអាចយល់ឡើយ ប៉ុន្តែដំណាក់កាលសំខាន់បំផុតគឺនៅត្រីមាសដំបូង ព្រោះឱកាសនៃការរលូតកូនមានកម្រិតខ្ពស់។

ស្របពេលជាមួយគ្នានេះ ស្ត្រីភាគច្រើនត្រូវប្រឈមនឹងអាការក្អួតចង្អោរ ដែលគ្រប់គ្នាតែងតែហៅថា ចាញ់កូន ហើយមានអ្នកខ្លះចាញ់ហូតដល់ថ្ងៃកើតក៏មានដែរ។ មូលហេតុដែលបណ្តោលឲ្យកើតមានអាការបែបនេះ គឺការប្រែប្រួលនៃកម្រិតអ័រម៉ូន estrogen និងprogesterone តែម្តង។

មិនតែប៉ុណ្ណោះសូម្បីតែក្លិន និងចំណីអាហារមានខ្លាញ់ច្រើន ក៏អាចបណ្តោលឲ្យស្ត្រីមានផ្ទៃពោះចង់ក្អួតចង្អោរដែរ។ ទោះជាយ៉ាងណា អាការក្អួតចង្អោរនៅត្រីមាសដំបូង អាចដោះស្រាយបាន ដោយគ្រាន់តែអ្នកអនុវត្តតាមវិធីសាមញ្ញា៤ចំណុច។

ខ្ញី
អ្នកត្រូវយកខ្ញីមួយចំណិតតូចមកទំពារ ព្រោះក្លិន និងរសជាតិរបស់វាអាចប្រឆាំងនឹងអាការចង់ក្អួតចង្អោរបាន។ ម្យ៉ាងវិញទៀត អ្នកអាចទទួលទានតែខ្ញី ១ពែងជារៀងរាល់ព្រឹក ក៏អាចជួយបានដែរ។

ក្រូចឆ្មារ
ក្រូចឆ្មារ ក៏ជាឱសថសម្រាប់ព្យាបាលអាការក្អួតចង្អោរផងដែរ មិនតែប៉ុណ្ណោះវីតាមីនC របស់វាអាចជួយឲ្យអ្នកម្តាយ និងទារកមានសុខភាពល្អ។ អ្នកត្រូវពុះក្រូចឆ្មារមួយចំណិត ច្របាច់លាយជាមួយនឹងទឹកក្តៅឧណ្ឌៗ១កែវ និងទឹកឃ្មុំ១ស្លាបព្រាបាយ រួចទទួលទានបន្តិចម្តងៗ។ ប្រសិនបើអ្នកគ្មានទឹកឃ្មុំទេ គ្រាន់តែកាន់សំបកក្រូចឆ្មារហិតក្លិនរបស់វាក៏បានដែរ។

បង្កើនការទទួលទានសារធាតុរាវ

អាការក្អួតនឹងធ្វើឲ្យអ្នកអស់កម្លាំង ហេតុនេះអ្នកត្រូវទទួលទានបរិមាណទឹកឲ្យបានគ្រប់គ្រាន់ គឺជាមធ្យាបាយដ៏ល្អបំផុត។ អ្នកត្រូវដឹងថា ការទទួលទានទឹកមួយកែវក្នុងមួយម៉ោង អាចបង្ការអាការក្អួតចង្អោរ ហើយអាចជួយរក្សាសំណើមក្នុងរាងកាថែមទៀត។

ទទួលទានអាហារតិច តែឲ្យបានច្រើនដង
ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវការអាហារគុណឡើងទ្វេរដង ដើម្បីបំពេញតម្រូវការទារកក្នុងផ្ទៃ។ ប៉ុន្តែ ក្នុង៣ខែដំបូងនេះ អ្នកមិនអាចទទួលទានម្តងច្រើនៗនោះទេ ព្រោះវាបណ្តោលឲ្យក្អួតចង្អោរ ដូច្នេះអ្នកត្រូវទទួលទានអាហារម្តងបន្តិចៗ រៀងរាល់ ២ទៅ៣ម៉ោងម្តង ដើម្បីកុំឲ្យក្រពះចាល់ជាតិអាស៊ីត។ តែទោះជាយ៉ាងណា អ្នកកុំភ្លេចបន្ថែមផ្លែឈើទៅក្នុងរបបអាហារឲ្យសោះ៕

ប្រភពៈ boldsky

មតិយោបល់