ព័ត៌មានសុខភាព

៦ហេតុផលបញ្ជាក់យ៉ាងច្បាស់ថា ការសើចគឺជាឱសថដ៏ល្អសម្រាប់សុខភាព

ការស្រាវជ្រាវជាច្រើនបានគាំទ្រយ៉ាងពេញទំហឹង ចំពោះការសើច ព្រោះវាអាចធ្វើឲ្យមនុស្សគ្រប់រូបមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ បើយោងតាមគេហទំព័រ thehealthsite បានចុះផ្សាយថា ការសើច អាចផ្តល់អត្ថប្រយោជន៍សំខាន់ៗ៦ចំណុច ដែលយើងគ្រប់គ្នានឹកស្មានពុំដល់ឡើយ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង៦ចំណុច ដែលបានមកពីការសើចរាល់ថ្ងៃ៖

បង្ការជំងឺបេះដូង
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការសើចអាចបញ្ចេញនូវឥទ្ធិពលវិជ្ជមានទៅលើបេះដូង ហើយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងរហូតដល់ទៅ ៤០ភាគរយ។ ការសើច អាចជួយបង្កើនលំហូតឈាមទៅកាន់បេះដូង ធ្វើឲ្យប្រសើរឡើងដល់ដំណើរការនៃសរសៃឈាម និងការពារមិនឲ្យកើតមានបញ្ហាគាំបេះដូងឡើយ។

ជួយសម្រកទម្ងន់
មិនគួរឲ្យជឿឡើយ គ្រាន់តែការសើចសោះក៏អាចជួយឲ្យស្រកទម្ងន់បានដែរ។ ក៏ប៉ុន្តែការសិក្សាបានអះអាងថា ការសើច អាចជួយបញ្ចេញសារធាតុគីមី serotonin ក្នុងខួរក្បាល ដែលដើរតួនាទីទប់ស្កាត់ចំណង់អាហារពីធម្មជាតិ ហើយធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែត។ ការសើច ក៏អាចធ្វើឲ្យសាច់ដុំរបស់រាងកាយមានភាពសកម្មពីពោះទៅស្មា ដែលផ្តល់ផលប៉ះពាល់ដល់វិជ្ជមានដូចជាការលំហាត់ប្រាណចំនួន១០នាទី។

ជួយបំបាត់ការឈឺចាប់
ការសើច អាចបញ្ចេញអ័រម៉ូនអារម្មណ៍ល្អពីធម្មជាតិដែលគេហៅថា endorphin។ ក្រៅពីការល្អសម្រាប់សុខភាពទូទៅ វាអាចជួយបញ្ចេញសារធាតុគីមីក្នុងខួរក្បាល ដែលដើរតួនាទីបំបាត់ការឈឺចាប់រាងកាយតាមបែបធម្មជាតិ។ ការសើច ក៏ត្រូវបានគេរកឃើញផងដែរថា អាចបន្ធូរបន្ថយជំងឺសាច់ដុំមួយចំនួន ដោយរារាំងដល់វដ្តនៃការឈឺចាប់។

ជួយសម្រាលភាពតានតឹង
ការសើច អាចបន្ធូរបន្ថយភាពតានតឹងក្នុងរាងកាយ ជួយរក្សាលំហូរឈាមឲ្យនៅធម្មតា និងជួយឲ្យរាងកាយមានថាមពល។ លើសពីនេះទៅទៀត វាអាចផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ខួរក្បាល និងសរីរាង្គទាំងអស់បានគ្រប់គ្រាន់។

ជួយឲ្យគេងលក់ស្រួល
ដោយសារតែភាពមមាញឹកជាមួយនឹងការងារច្រើន អាចធ្វើឲ្យអ្នកមានអារម្មណ៍តាននឹង គិតច្រើន និងគេងមិនបានគ្រប់គ្រាន់ឡើយ។ ក៏ប៉ុន្តែប្រសិនបើអ្នកបានសើចច្រើន វាអាចការជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ គេងលក់ស្រួល និងជួយការពារបញ្ហាគេងមិនលក់។

ជួយឲ្យស្បែកតឹងណែនល្អ
ការស្រាវជ្រាវបានបង្ហាញថា ការសើចមានអត្ថប្រយោជន៍ដល់សុខភាពខួរក្បាល រាងកាយ និងដើរតួនាទីប្រឆាំងនឹងភាពចាស់ ដែលជួយឲ្យអ្នកក្មេងជាងវ័យ។ នេះក៏ដោយសារតែវាអាចជួយបង្កើនលំហូរឈាមទៅលើផ្ទៃមុខ ហើយកាត់បន្ថយភាពតានតឹង (ដែលបង្កឲ្យប៉ះពាល់ដល់ភាពបត់បែននៃស្បែក និងបង្កឲ្យមានស្នាមជ្រួញ)៕

ប្រភព៖ thehealthsite

មតិយោបល់