ទឹកកក ត្រូវបានគេប្រើប្រាស់ជារៀងរាល់ថ្ងៃ សម្រាប់ក្លាសេអាហារ ឬបន្ថែមនៅក្នុងភេសជ្ជៈផ្សេងៗ ដើម្បីឲ្យមានភាពត្រជាក់ងាយស្រួលក្នុងការទទួលទាន។ ក៏ប៉ុន្តែ ក្រៅពីប្រើសម្រាប់ទទួលទាន ទឹកកក ក៏មានអត្ថប្រប្រយោជន៍សម្រាប់ព្យាបាលបញ្ហាសម្រស់ផងដែរ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ភាពត្រជាក់នៃទឹកកក មានសមត្ថភាពអាចដោះស្រាយបញ្ហាសម្រស់ ៥យ៉ាងប្រកបដោយប្រសិទ្ធភាព។
១.ការបន្ថយបញ្ហាហើមត្របកភ្នែក
បញ្ហាហើមត្របកភ្នែកភាគច្រើនកើតមានចំពោះមនុស្សស្រីដែលមានទម្លាប់គេងមិនបានគ្រប់គ្រាន់។ ប៉ុន្តែទឹកកក អាចជួយកាត់បន្ថយបញ្ហាមួយនេះយ៉ាងមានប្រសិទ្ធភាព ជាពិសេសអាការហើមត្របកភ្នែកខាងក្រោម ឬគេហៅថាថង់ដកក្រោមភ្នែក។
២.ការពារស្បែកពីពន្លឺថ្ងៃ
ការប៉ះពាល់នឹងពន្លឺថ្ងៃយូរពេក អាចធ្វើឲ្យស្បែកមានពណ៌ក្រហម និងរលាក។ តែអ្នកមិនចាំបាច់ព្រួយបារម្ភទៀតឡើយ ព្រោះទឹកកក មានសមត្ថភាពអាចជួយសង្គ្រោះស្បែកឲ្យរួចផុតពីការរលាកដោយសារពន្លឺថ្ងៃបាន។ ទោះជាយ៉ាងណា ដើម្បីការពោរស្បែកកុំឲ្យជួបបញ្ហាបែបនេះម្តងទៀត អ្នកគួរតែស្លៀកពាក់ឲ្យជិតៗ ប្រើឆ័ត្រ ឬឡេការពារកម្តៅ មុននឹងឆ្លងកាត់ក្រោមពន្លឺព្រះអាទិត្យ។
៣.បង្រួមរន្ធញើស
ការប្រើប្រាស់គ្រឿងសម្អាងរយៈពេលយូរ គឺជាកត្តាមួយដែលនាំឲ្យកស្ទះរន្ធញើស ហើយរន្ធញើសកាន់តែរីកធំៗជាងមុនផងដែរ។ ក៏ប៉ុន្តែ ការប្រើទឹកកក ម៉ាស្សាលើផ្ទៃមុខទៀងទាត់ អាចជួយបង្រួមរន្ធញើសបាន ហើយជួយសម្អាតភាពកខ្វក់នៅក្នុងរន្ធញើសថែមទៀត។
៤.ប្រឆាំងនឹងភាពជ្រីវជ្រួញ
តើអ្នកជឿទេ ទឹកកក អាចជួយឲ្យអ្នកមានសម្រស់ក្មេងជាងវ័យ? តាមពិតភាពត្រជាក់នៃទឹកកក មានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ស្បែក ជាពិសេសវាអាចជួយរឹតបន្តឹងស្បែកឲ្យតឹងណែនល្អ និងបំបាត់ស្នាមជ្រួញនៅលើផ្ទៃមុខផងដែរ។
៥.ការពារផ្ទៃមុខមិនឲ្យកើតមុន
មុន គឺជាបញ្ហាស្បែកមួយប្រភេទដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូប គ្រាន់តែអ្នកខ្លះកើតតិច ហើយអ្នកខ្លះទៀតកើតច្រើនតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាទឹកកក អាចគ្រប់គ្រងបញ្ហានេះបាន ព្រោះវាមានសមត្ថភាពក្នុងការកាត់បន្ថយការរលាកដែលជាដើមហេតុបង្កឲ្យកើតមុន ហើយខ្លាញ់នៅលើផ្ទៃមុខក៏សម្អាតអស់ដែរ។
ដើម្បីដោះស្រាយបញ្ហាទាំង៥យ៉ាងដូចដែលបានបង្ហាញនៅខាងលើនេះ អ្នកអាចប្រើប្រាស់ទឹកកក មួយដុំមកម៉ាស្សាលើផ្ទៃមុខរៀងរាល់ល្ងាចមុនពេលចូលគេង យ៉ាងហោចណាស់ឲ្យបាន ១០ ទៅ ១៥នាទី។ អនុវត្តបែបនេះជាប្រចាំ បញ្ហានឹងរលាយបាត់បន្តិចម្តងៗ ហើយផ្ទៃមុខរបស់អ្នកនឹងប្រែជាស្រស់ស្អាតដូចដើមវិញ៕
មតិយោបល់