ព័ត៌មានសុខភាព

គុណប្រយោជន៍គ្មានគូប្រៀបនៃផ្លែ វ៉ាល់ណាត់

ការស្រាវជ្រាវថ្មីមួយនៅប្រទេសឥណ្ឌាបានរកឃើញថា ការទទួលទានផ្លែវ៉ាល់ណាត់ ជាប្រចាំអាចជួយការពារជំងឺមួយចំនួនដូចជា ជំងឺដាច់សរសៃឈាមបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែម។ មិនតែប៉ុណ្ណោះ ផ្លែវ៉ាល់ណាត់ មានផ្ទុកសារធាតុរ៉ែសំខាន់ៗពីធម្មជាតិជាច្រើន រួមទាំងខ្លាញ់អូមេហ្គា-៣ ដែលអាចជួយឲ្យប្រព័ន្ធដំណើរការក្នុងរាងកាយទាំងអស់មានសុខភាពល្អ ក៏ដូចជាកាត់បន្ថយហានិភ័យវិវត្តទៅរកជំងឺវង្វេងសម្រាប់មនុស្សចាស់ផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ផ្សេងទៀត ដែលបានមកពីការទទួលទានផ្លែវ៉ាល់ណាត់ រាល់ថ្ងៃ៖

១.ល្អសម្រាប់សុខភាពខួរក្បាល
វ៉ាល់ណាត់ ជាផ្លែឈើដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-៣ ដែលអាចជួយជំរុញឲ្យខួរក្បាលមានសុខភាពល្អ ប្រឆាំងនឹងភាពតានតឹង ព្រមទាំងជំងឺធ្លាក់ទឹកចិត្តផងដែរ។ ការទទួលទានផ្លែវ៉ាល់ណាត់មុនពេលចូលគេងជាប្រចាំ គឺទទួលបានអត្ថប្រយោជន៍បំផុត។

២.គ្រប់គ្រងដំណេក
ផ្លែវ៉ាល់ណាត់ មានផ្ទុកសារធាតុ melatonin ដែលជាអ័រម៉ូន ដ៏សំខាន់ក្នុងការជំរុញ និងជួយគ្រប់គ្រងការគេង។ ការទទួលទានផ្លែវ៉ាល់ណាត់ ២ទៅ៣ផ្លែ មុនពេលចូលគេង ឬអំឡុងពេលទទួលទានអាហារពេលល្ងាចអាចជួយបញ្ចុះទម្ងន់ផងដែរ។

៣.ល្អសម្រាប់បេះដូង
តាមការសិក្សាជាច្រើនបានចង្អុលបង្ហាញថា ជាតិខ្លាញ់អូមេហ្គា-៣ និងអាស៊ីតខ្លាញ់ monounsaturated ដែលមានវត្តមាននៅក្នុងផ្លែវ៉ាល់ណាត់ អាចជួយការពាររាល់បញ្ហាផ្សេងៗទាក់ទងទៅនឹងជំងឺបេះដូង។ ហេតុនេះ អ្នកគួរតែមានទម្លាប់ទទួលទានផ្លែវ៉ាល់ណាត់ ២ទៅ៣ផ្លែជារៀងរាល់ថ្ងៃ។

៤.ល្អសម្រាប់សុខភាពឆ្អឹង
គុណប្រយោជន៍មួយទៀតដែលគ្រប់គ្នានឹងស្មានពុំដល់ គឺផ្លែវ៉ាល់ណាត់ មានសមត្ថភាពអាចជួយបង្កើនការស្រូបយកកាល់ស្យូម ដែលអាចជួយរក្សាឆ្អឹងឲ្យកាន់តែមានភាពរឹងមាំ។

៥.ជួយបង្កើនការរំលាយអាហារ
ការទទួលទានផ្លែវ៉ាល់ណាត់ ជារៀងរាល់ថ្ងៃ អាចជួយបង្កើនការរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។ វ៉ាល់ណាត់ មានផ្ទុកសារធាតុរ៉ែជាច្រើនដូចជា ម៉ង់ហ្គាណែស ស្ពាន់ធ័រ ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម ជាតិដែក និងស័ង្កសី ដែលអាចជួយបង្កើនការរំលាយអាហារ និងកាត់បន្ថយផលប៉ះពាល់ក្នុងប្រព័ន្ធរំលាយអាហរផងដែរ៕

ប្រភព៖ boldsky

មតិយោបល់