បើយោងតាមការសិក្សាមុនៗបានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងអាចបណ្តោលឲ្យមនុស្សជាច្រើនកើតជំងឺមហារីក ខណៈនៅប្រទេសអង់គ្លេសមានមនុស្សកើតជំងឺមហារីកដោយសារតែគ្រឿងស្រវឹងច្រើនជាង ១២,០០០នាក់ ជារៀងរាល់ឆ្នាំ។ ក៏ប៉ុន្តែការសិក្សាដែលបានធ្វើឡើងដោយសាកលវិទ្យាល័យ Cambridge បានរកឃើញបន្ថែមទៀតថា គ្រឿងស្រវឹងមិនត្រឹមតែធ្វើឲ្យកើតជំងឺមហារីកនោះ វាជាអ្នកផលិតសារធាតុគីមីម្យ៉ាងដែលគេហៅថា acetaldehyde នៅក្នុងរាងកាយរបស់មនុស្ស ហើយអាចបំផ្លាញ DNA បាន។ ការខូចខាត DNA ដោយសារតែជាតិអាល់កុលនេះ អាចមានលក្ខណៈជាអចិន្ត្រៃយ៍ ហើយគ្មានវិធីសង្គ្រោះវិញទេ។
នៅក្នុងការស្រាវជ្រាវ អ្នកជំនាញបានធ្វើតេស្តទៅលើសត្វកណ្តុរដែលមានជាតិអាល់កុលក្នុងខ្លួន។ ពេលនោះជាតិអាល់កុលពិតជាវាយប្រហារទៅលើ DNA នៃសត្វកណ្តុរ ដែលបានធ្វើការពិសោធន៍ទាំងនោះមែន។
បើយោងតាមលោក Ketan Patel ដែលជាអ្នកដឹកនាំការស្រាវជ្រាវបានឲ្យដឹងថា ជំងឺមហារីកជាច្រើនកើតមានដោយសារតែការខូចខាតនៃ DNA ទោះបីជាការខូចខាតដោយចៃដន្យក៏ដោយ។
លោក Ketan Patel បានបន្ថែមទៀតថា ជាតិអាល់កុលអាចបង្កើនហានិភ័យនៃការខូចខាត DNA និងនាំឲ្យកើតជំងឺមហារីក។ លើសពីនេះទៅទៀត វាអាចកាត់បន្ថយចំនួនប្រូតេអ៊ីននៅក្នុងឈាម ព្រមទាំងវីតាមីន B ដែលកោសិកាត្រូវការដើម្បីបង្កើន DNA ។
ទោះជាយ៉ាងណាជាតិអាល់កុលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺមហារីក ៧ប្រភេទ គឺ ថ្លើម ពោះវៀន សុដន់ បំពងក មាត់ បំពង់អាហារ និងក្រពេញទីរ៉ូអ៊ីត។ ដូច្នេះ ដើម្បីបង្ការជំងឺមហារីក ក៏ដូចជាជំងឺផ្សេងៗ អ្នកគួរតែកាត់បន្ថយការទទួលទានគ្រឿងសវឹង៕
ប្រភព៖ soha
មតិយោបល់