ក្រោយពីបែកធ្លាយព័ត៌មានចចាមអារ៉ាមអំពីស្មាតហ្វូន Xperia ចំនួន ៣ ម៉ូឌែល នៅប៉ុន្មានសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Sony បានផ្តល់ដំណឹងថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយនៅអំឡុងពិព័រណ៍ផលិតផលអេឡិចត្រូនិកពិភពលោកឆ្នាំ ២០១៨ ហៅកាត់ថា CES 2018 នាថ្ងៃច័ន្ទ ទី ០៨ ខែមករា វេលាម៉ោង ៥ ល្ងាច ត្រូវនឹងម៉ោង ៩ ព្រឹក ថ្ងៃអង្គារ៍ ទី ០៩ ម៉ោងនៅកម្ពុជា។ នេះបើយោងតាមប្រភពពី XperiaBlog ចុះផ្សាយថ្ងៃម្សិលមិញ។

តាមរយៈសារបង្ហោះផ្សាយក្នុងបណ្តាញ Twitter ផ្លូវការរបស់ក្រុមហ៊ុនឈ្មោះ Sony Xperia News បានឱ្យដឹងថា ព្រឹត្តិការណ៍នោះនឹងរៀបចំធ្វើឡើងនៅឯទីក្រុង Las Vegas សហរដ្ឋអាមេរិក ហើយក្រុមហ៊ុន Sony Mobile នឹងមានដំណឹង និងព័ត៌មានបច្ចុប្បន្នភាពផ្តាច់មុខសម្រាប់ប្រកាសជូនសាធារណជន។
តាមរយៈព្រឹត្តិការណ៍នោះដែរ គេរំពឹងថាក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ជប៉ុន នឹងប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលថ្មី ២ ម៉ូឌែល រួមមាន Sony Xperia XA2 Ultra និង Xperia XA2, និងលំដាប់ថ្នាក់ទាបមួយម៉ូឌែលឈ្មោះ Xperia L2 ដែលបានបែកធ្លាយព័ត៌មានថ្មីៗ រួមទាំងផលិតផលថ្មីៗគួរឱ្យចាប់អារម្មណ៍ដទៃផ្សេងទៀត ដែលនោះអាចជាឧបករណ៍បន្ទាប់បន្សំ និងបំពាក់ជាប់កាយថ្មីៗមួយចំនួនផ្សេងទៀត ដូចជា Sony Smart Wear ជាដើម។
ជាមួយគ្នានោះ បើយោងតាមព័ត៌មានក្រៅផ្លូវការទម្លាយចេញដោយលោក Evan Blass បានឱ្យដឹងថា Xperia XA2 Ultra នឹងបំពាក់កាមេរ៉ាមុខពីរ អមជាមួយពិល Flash ជំនួយពន្លឺមួយ ខុសពី XA2 មានកាមេរ៉ាមុខតែមួយ ហើយម៉ូឌែលទាំងពីរទំនងជាប្រើ Sensor កាមេរ៉ាធំ និងដំណើរការលើប្រព័ន្ធ Android Oero 8 ដូចគ្នា។


ប្រភពដដែលឱ្យដឹងទៀតថា Xperia XA2 Ultra នឹងបំពាក់អេក្រង់ Full HD ទំហំ ៦ អីុញ ប្រើបន្ទះឈីប Snapdragon 630, RAM ទំហំ ៤ ជីហ្គាបៃយ៍ មេម៉ូរីជាប់ម៉ាស៊ីនទំហំ ៦៤ ជីហ្គាបៃយ៍ និងកាមេរ៉ាមុខ/ក្រោយទំហំ ១៥/២៣ មេហ្គាភិចសែល។ សម្រាប់ XA2 គឺនឹងមានអេក្រង់តូចជាង ទំហំ ៥ ឬ ៥.២ អីុញ RAM ទំហំ ៣ ជីហ្គាបៃយ៍ ឯមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៣២ ជីហ្គាបៃយ៍ និងកាមេរ៉ាមុខ/ក្រោយទំហំ ៨/២៣ មេហ្គាភិចសែល។


សម្រាប់ Xperia L2 គឺនឹងមានរចនាបទបែប Sony ស្រដៀងទៅនឹង Xperia XA2 Ultra និង XA2 ប៉ុន្តែ វាមានកម្រិតអេក្រង់ត្រឹម HD ទំហំ ៥.២ ឬ ៥.៥ អីុញ ហើយអាចនឹងដំណើរការលើប្រព័ន្ធ Android Nougat 7៕


មតិយោបល់