ព័ត៌មានសុខភាព

លក្ខណៈសម្បត្តិ៦ចំណុចនៃផ្លែចេក ដែលគ្រប់គ្នាពុំគួរមើលរំលង

នរណាៗក៏ស្គាល់ចេកដែរ ព្រោះវាជាផ្លែឈើមួយប្រភេទដ៏ពេញនិយមបំផុតនៅទូទាំងពិភពលោក សូម្បីតែប្រទេសកម្ពុជាយើង។ ក្រៅពីមានតម្លៃថោក ចេកត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដែលល្អបំផុតសម្រាប់សុខភាព ប៉ុន្តែមានមនុស្សមួយចំនួនមិនដឹងនោះឡើយ។ បើយោងតាមគេហទំព័រ soha បានបង្ហាញថា ការទទួលទានចេករាល់ថ្ងៃ អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗ ៦យ៉ាង។

ធ្វើឲ្យប្រសើរឡើងនូវសរសៃឈាមបេះដូង
អាហារដែលសម្បូរជាតិសរសៃត្រូវបានគេទទួលស្គាល់ថា ពិតជាល្អបំផុតសម្រាប់បេះដូង ហើយចេកគឺជាអាហារមួយស្ថិតនៅក្នុងចំណោមអាហារអស់ទាំងនោះ។ ការទទួលទានចេករាល់ថ្ងៃ មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងដោយសារតែខ្លាញ់ ឬកូលេស្តេរ៉ុល។

បង្កើនវីតាមីន C
នៅពេលនិយាយអំពីវីតាមីន C មនុស្សទូទៅតែងតែគិតដល់ផ្លែក្រូច។ តែទោះជាយ៉ាងណាក៏ដោយ ចេកក៏មានផ្ទុកវីតាមីន C មិនចាញ់ក្រូចប៉ុន្មានដែរ ចេកមួយផ្លែអាចផ្តល់វីតាមីន C ១៥ភាគរយដែលរាងកាយត្រូវការជាប្រចាំថ្ងៃ។

ដោយសារតែចេកមានផ្ទុកបរិមាណនៃវីតាមីនC កម្រិតខ្ពស់ ត្រូវបានគេចាត់ទុកថាល្អសម្រាប់ប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីក្នុងរាងកាយ ជួយឲ្យសរសៃឈាមមានសុខភាពល្អ បង្កើនសស្រទាប់កូឡាជែន ក៏ដូចជាប្រឆាំងនឹងភាពចាស់ផងដែរ។

កែលម្អប្រព័ន្ធរំលាយអាហារ
គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិជាច្រើននៃផ្លែចេក ដែលមនុស្សមួយចំនួនមិនដឹង គឺកែលម្អប្រព័ន្ធរំលាយអាហារ។ ជាតិសរសៃ គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងការជួយគ្រប់គ្រងការរំលាយអាហារឲ្យមានប្រសិទ្ធភាព។

ដូច្នេះ ការបរិភោគចេកជារៀងរាល់ថ្ងៃ នឹងធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ និងដោយស្រាយបញ្ហាទល់លាមកយ៉ាងឆាប់រហ័ស។

រក្សាសម្ពាធឈាមឲ្យមានស្ថិរភាព
ចេកមួយផ្លែមានផ្ទុកជាតិប៉ូតាស្យូមប្រហែលជា ៤២២មីលីក្រាម ហើយគ្មានសូដ្យូមទេ។ កម្រិតខ្ពស់នៃសារធាតុប៉ូតាស្យូមនេះ អាចជួយរក្សាលំនឹងសម្ពាធឈាម ហើយល្អសម្រាប់មនុស្សដែលមានហានិភ័យនៃជំងឺលើសឈាម។ ការស្រាវជ្រាវបានបង្ហាញថា ការបរិភោគចេកយ៉ាងតិច ៣ផ្លែក្នុងមួយថ្ងៃ អាចកាត់បន្ថយសម្ពាធឈាមបាន។

ប្រឆាំងនឹងភាពស្លេកស្លាំង
ភាពស្លេកស្លាំងកើតមានឡើងដោយសារតែរាងកាយកាត់បន្ថយចំនួនកោសិកាឈាមក្រហម ដែលធ្វើឲ្យអ្នកចេះតែអស់កម្លាំង និងពិបាកដកដង្ហើម។ ប៉ុន្តែចេកមានផ្ទុកជាតិដែកខ្ពស់ ដែលអាចជួយជំរុញដល់ការផលិតអេម៉ូក្លូប៊ីននៅក្នុងឈាម និងជួយប្រយុទ្ធប្រឆាំងភាពស្លេកស្លាំង។
លើសពីនេះទៅទៀតចេកមានផ្ទុកវីតាមីន B6 ដែលជាអាហារដ៏ល្អសម្រាប់ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។

កែលម្អរអារម្មណ៍
ចេកមួយផ្លែមានទំហំមធ្យម មានផ្ទុកម៉ាញ៉េស្យូមប្រហែលជា ២៧មីលីក្រាម។ សារធាតុរ៉ែនេះ អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង និងគេងលក់ស្រួល។ ជាមធ្យមបុរស និងស្ត្រីត្រូវការជាតិម៉ាញ៉េស្យូម ៤០០មីលីក្រាម ឬ ៣២០មីលីក្រាមក្នុងមួយថ្ងៃ។

ប្រសិនបើអ្នកកង្វះម៉ាញ៉េស្យូម រាងកាយអាចធ្លាក់ក្នុងស្ថានភាពថប់បារម្ភ ឆាប់ខឹង កើតជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវអារម្មណ៍ផ្សេងៗទៀត។ ដូច្នេះ ការបរិភោគចេកជារៀងរាល់ថ្ងៃ គឺជាដំណោះស្រាយមួយដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍វិជ្ជមាន៕

មតិយោបល់