ភាគច្រើន អង្ករ ដែលយើងទិញមកបរិភោគរាល់ថ្ងៃ ត្រូវបានគេសំរិទ្ធសំរាំងយ៉ាងស្អាតល្អគួរឲ្យចង់ទទួលទានណាស់ ក៏ប៉ុន្តែជាតិសរសៃ និងអាហារូបត្ថម្ភរបស់វាក៏ត្រូវកាត់បន្ថយដែរ។ មិនដូចអង្ករសំរូប ត្រូវបានគេចាត់ទុកជាគ្រាប់ធញ្ញជាតិលេខ១ ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ជាពិសេសអាចជួយសម្រកទម្ងន់តែម្តង។ ទោះជាយ៉ាងណា ក្រៅពីសម្រកទម្ងន់ ការទទួលទាន អង្ករសំរូប ជាប្រចាំថ្ងៃ អាចទទួលបាននូវអត្ថប្រយោជន៍ច្រើនយ៉ាងទៀត។
១.ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលកើតមានឡើងនៅពេលដែលរាងកាយ មិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ និងជាតិស្ករក្នុងឈាមឡើងខ្ពស់។ ក៏ប៉ុន្តែ អង្ករសំរូប ត្រូវបានគេរកឃើញថា មានផ្ទុកជាតិអាស៊ីត phytic និងជាតិសរសៃ ដែលអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យមានស្ថិរភាព។
២.បណ្តេញជាតិពុល
យើងត្រូវតែដឹងថា រាងកាយទទួលជាតិពុលរាល់ថ្ងៃតាមរយៈការទទួលទានអាហារមិនល្អ ឬការរស់នៅក្នុងតំបន់ដែលពោរពេញទៅដោយបរិយាកាសពុល ជាដើម។ ហេតុនេះ អ្នកគួរតែញ៉ាំអង្ករសំរូប ព្រោះវាសម្បូរសារធាតុអង់ទីអុកស៊ីដង់ ដែលអាចជួយបន្សាបជាតិពុលតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាពបំផុត។
៣.បង្ការជំងឺបេះដូង
ជំងឺបេះដូង នាពេលបច្ចុប្បន្ននេះ គឺជាដើមហេតុមួយ ក្នុងចំណោមដើមហេតុជាច្រើន ដែលបណ្តោលឲ្យមនុស្សស្លាប់នៅទូទាំងពិភពលោក។ ភាគច្រើនជំងឺនេះ អាចប៉ះពាល់ដល់សរីរាង្គសំខាន់ៗជាច្រើន និងលំបាកក្នុងការព្យាបាល។ ទោះជាយ៉ាងណា ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងអង្ករសំរូប មានសមត្ថភាពរំលាយកូលេស្តេរ៉ុល ដែលប្រមូលផ្តុំនៅតាមសរសៃឈាម និងជួយជំរុញឲ្យលំហូរឈាមរត់ទៅកាន់បេះដូង បានល្អ។
៤.សម្រាប់អ្នកម្តាយទើបនឹងសម្រាលកូន
អ្នកម្តាយថ្មោងថ្មី ដែលទើបនឹងសម្រាលកូនហើយ ត្រូវការថែទាំសុខភាពឲ្យបានត្រឹមត្រូវ ដើម្បីជួយស្តារសុខភាពឡើងវិញ ក៏ដូចជាបង្កើនទឹកដោះសម្រាប់ទារកផងដែរ។ ទាំងនេះអង្ករសំរូប អាចជួយបាន ព្រោះវាមានសមត្ថភាពអាចធ្វើការរំញោចក្រពេញដោះ ឲ្យមានការផលិតទឹកដោះកាន់តែច្រើន ហើយអាចជួយថែបំប៉នសុខភាពអ្នកម្តាយឲ្យមានភាពប្រសើរឡើងវិញ។
៥.បង្កើនការរំលាយអាហារ
ចំពោះអ្នកដែលមានភាពមមាញឹកជាមួយនឹងការទទួលទានរបបអាហារ ដែលគ្មានផាសុខភាព អាចបណ្តោលឲ្យកើតជំងឺរលាកក្រពះពោះវៀន ហើមពោះ និង ទល់លាមក ជាដើម។ ទោះជាយ៉ាងណា អង្ករសំរូប សម្បូរជាតិសរសៃ អាចជួយគ្រប់គ្រងលំហូរទឹករំអិលរំលាយអាហារ និងជួយបន្ទន់លាមក ដូច្នេះប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងមានសុខភាពល្អ។
៦.កាត់បន្ថយកូលេស្តេរ៉ុល
អង្ករសំរូប ត្រូវបានគេទទួលស្គាល់ថា អាចជួយកាត់បន្ថយកូលេស្តេរ៉ុល ដែលបណ្តោលឲ្យស្ទះសរសៃឈាម និងបង្កើនលំហូរឈាមទៅកាន់សរីរាង្គផ្សេងៗបានយ៉ាងល្អ។
៧.បង្ការជំងឺមហារីក
ដូចដែលយើងបានដឹងហើយថា មហារីក គឺជាជំងឺមួយប្រភេទដែលអាចសម្លាប់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ ដោយមិនគិតពីអាយុ និងភេទឡើយ។ តែកុំបារម្ភអី ព្រោះអង្ករសំរូប មានផ្ទុកសារធាតុអង់ទីអុកស៊ីដង់ ដ៏មានឥទ្ធិពលក្នុងការជួយការពារមិនឲ្យកោសិកាមហារីកកើតឡើងក្នុងរាងកាយបានឡើយ៕
ដកស្រង់ពី៖ boldsky
មតិយោបល់