អាការឈឺក្បាលកើតឡើងជាញឹកញាប់មិនមែនជារឿងល្អនោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ប៉ុន្តែអ្នកដឹងទេថា មូលហេតុអ្វីដែលបណ្តោលឲ្យកើតជំងឺឈឺក្បាល? ការពិតក្រៅពីជំងឺ អាការឈឺក្បាល អាចបង្កឡើងដោយសារតែទម្លាប់មួយចំនួនដែលអ្នកធ្វើរាល់ថ្ងៃ។
១.ផឹកកាហ្វេច្រើនពេក
កាហ្វេត្រូវបានគេចាត់ទុកជាអាវុធមុខពីរ ព្រោះវាអាចជួយឲ្យអ្នកមានសុខភាពល្អប្រសិនបើប្រើបានត្រឹមត្រូវ ក៏ប៉ុន្តែបើប្រើមិនបានត្រឹមត្រូវវិញនោះ អ្នកច្បាស់ជាប្រឈមនឹងបញ្ហាឈឺក្បាល។ យកល្អ អ្នកគួរតែទទួលទានកាហ្វេ មួយថ្ងៃត្រឹម ១ទៅ ២ពែងបានហើយ។
២.គេងច្រើនជ្រុល
ការគេងបានគ្រប់គ្រាន់រយៈពេល ៧ ទៅ៨ម៉ោង ក្នុងមួយថ្ងៃ គឺជារឿងដ៏ល្អសម្រាប់សុខភាព ប៉ុន្តែមនុស្សមួយចំនួនមិនបានអនុវត្តតាមគោលការណ៍បែបនេះទេ ជាពិសេសរាល់ថ្ងៃឈប់សម្រាក តែងតែដេកជ្រុលទាល់តែថ្ងៃត្រង់ក៏មានដែរ។ ការគេងជ្រុលនេះហើយ ធ្វើឲ្យអ្នកក្រោកឡើងឈឺក្បាល និងអាចហើមមុខថែមទៀត។
៣.ធុញទ្រាន់ជាមួយបរិយាកាសការងារ
បរិយាកាសនៅកន្លែងការងារមិនល្អ មិនត្រឹមតែធ្វើឲ្យអ្នកគ្មានអារម្មណ៍ធ្វើការនោះទេ ថែមទាំងកើតបញ្ហាស្ត្រេសថែមទៀត។ នេះ ក៏ជាមូលហេតុមួយដែលបណ្តោលឲ្យអ្នកមានអាការឈឺក្បាលញឹកញាប់ផងដែរ។
៤.សម្លឹងកុំព្យូទ័រច្រើនពេក
ភ្នែករបស់អ្នកមិនអាចទប់ទល់ជាមួយនឹងពន្លឺ ដែលជះចេញពីអេក្រង់កុំព្យូទ័រ បានច្រើនម៉ោងបាននោះទេ។ ដូច្នេះ ប្រសិនបើអ្នកសម្លឹងយូរពេកភ្នែកច្បាស់ជាស្រវាំង ហើយអាការឈឺក្បាលនឹងកើតមានឡើងដែរ។ ដំណោះស្រាយដ៏ល្អ អ្នកគួរតែអង្គុយធ្វើការនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ និងបន្ថយពន្លឺចេញពីកុំព្យួទ័រ។
៥.លេងទូរសព្ទយូរពេក
ការលេងទូរសព្ទ ក៏មិនខុសអីពីកុំព្យូទ័រដែរ ព្រោះពន្លឺរបស់វានឹងដាក់សម្ពាធទៅលើភ្នែក ហើយគួរផ្សំជាមួយនឹងឥរិយាបទឱនចុចទូរសព្ទ យូរទៀត អាការឈឺក្បាលច្បាស់ជាកើតឡើងជាញឹកញាប់៕
ដកស្រង់ពី៖ boldsky
មតិយោបល់